រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ

សង្គម​និង​សេដ្ឋកិច្ច

ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលដ៏មានឥទ្ធិពល និងជាមន្រ្តីនយោបាយដ៏ឆ្នើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់ នៃកម្រិតអប់រំដ៏ខ្ពង់ខ្ពស់បំផុតរបស់របស់សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលត្រូវផ្ដល់ជូនដល់ឥស្សរៈជន ឬបុគ្គលឆ្នើម ដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធដ៏សំខាន់ៗ ស្របតាមបេសកកម្មរបស់ សាកលវិទ្យាល័យ។

លោកថា គណៈកម្មាធិការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងម៉ត់ចត់នូវស្មាដៃទាំងឡាយរបស់ សម្ដេចក្រឡាហោម និងបានឯកភាពគ្នាជាឯកឆ័ន្ទ សម្រេចនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ស្មាដៃរបស់សម្ដេចក្រឡាហោម ក្នុងផ្នែកអភិវឌ្ឍជនបទ មានលក្ខណៈដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម និងមានតម្លៃលើសលប់ទាំងផ្នែកសិក្សា សេដ្ឋកិច្ច និងសង្គម ក្នុងកម្រិតខ្ពស់ សម្រាប់ប្រគល់ជូនពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ជូនបេក្ខជនសម្ដេចក្រឡាហោម។

មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា៖ «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទ ដែលរូបខ្ញុំទទួលបាននាឱកាសនេះ គឺពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់រូបខ្ញុំ ហើយនេះក៏ជាមោទនភាពមួយផងដែរ ពីព្រោះគ្រប់យ៉ាងដែលខ្ញុំបានខិតខំប្រឹងប្រែងគឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ខ្ញុំពិតជាអរគុណចំពោះការវាយតម្លៃនូវគុណសម្បត្តិរបស់ខ្ញុំទាក់ទងនឹងផ្នែកអភិវឌ្ឍន៍ ជនបទ។ អរគុណនិងមានមោទនភាពជាមួយអ្វីដែលបានកើតឡើងក្នុងជីវិតរយៈពេលជាង ៧០ឆ្នាំមកនេះ»។

ជាមួយនឹងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ សម្ដេចក្រឡាហោម បានថ្លែងថ្វាយនូវសេចក្ដីថ្លែងអំណរព្រះគុណការអរគុណ ថ្វាយព្រះករុណាព្រះមហាក្សត្រក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គ បានគាំទ្រចំពោះការងាររបស់សម្ដេច និងបានផ្ដល់ឱកាសឱ្យសម្ដេចបានបម្រើជាតិ និងបានផ្សារភ្ជាប់ ខ្លួនជាមួយនឹងប្រជាជាតិ។

ទន្ទឹមនេះ សម្ដេចក៏ថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានប្រគល់ភារកិច្ចជាប្រធានក្រុមការងារចុះមូលដ្ឋាននៅខេត្តចំនួន២ គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលធ្វើឱ្យសម្ដេចបានរួមចំណែកកសាងសមិទ្ធផលជាច្រើននៅក្នុងភូមិសាស្ត ខេត្តទាំងពីរនេះ។

ជាមួយគ្នានេះ សម្ដេចក៏ថ្លែងអំណរគុណចំពោះមន្ត្រីនៅក្នុងជួររាជរដ្ឋាភិបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាមន្ត្រីរាជការនៅទូទាំងប្រទេស ដែលបានខិតខំយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កម្មវិធីកំណ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងបានចែករំលែកគុណសម្បត្តិ និងកិត្តិយសដែលសម្ដេចទទួលបាននេះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាជន៕