កម្ពុជាត្រៀមកែសម្រួលពន្ធអាករលក្ខណៈទ្រុងទ្រាយធំទៅលើមុខទំនិញជាង១៤០០បន្ទាត់ពន្ធ

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈបទបង្ហាញរបស់មន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការកែសម្រួលពន្ធអាករលើកនេះ មានទ្រង់ទ្រាយធំដោយពាក់ព័ន្ធនឹងមុខទំនិញសរុបរហូតដល់ ១៤៤៣ បន្ទាត់ពន្ធ។ បើតាមបទបង្ហាញខាងលើក្នុងចំណោមនោះភាគច្រើនគឺជាការ “ការបញ្ចុះអត្រា” លើក្រុមទំនិញមានមុខសញ្ញាលើកទឹកចិត្ត ក្នុងគោលបំណងលើកទឹកចិត្តបន្ថែមទៀត ដល់វិស័យអាទិភាពមួយចំនួន ដូចជា វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល, មុខទំនិញមួយចំនួនដែលបម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, ព្រមទាំងមុខទំនិញយានយន្តដើម្បីរួមចំណែកជួយដល់វិស័យឡូជីស្ទីក ដែលជួបប្រទះការលំបាកបណ្តាលមកពីវិបត្តិនៃការផ្ទុះរាលដាលជម្ងឺកូវីដ-១៩ ការអូសបន្លាយនៃសង្គ្រាមអ៊ុយក្រែន និងការថមថយកំណើនសេដ្ឋកិច្ចសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីគោលបំណង ក្នុងការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធពីការសម្រេចថ្មីៗរបស់រាជរដ្ឋាភិបាល ក្នុងការកែសម្រួលអត្រាពន្ធគយនិងអាករលើមុខទំនិញមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ។ កន្លងមក អត្រាពន្ធនិងអាករលើមុខទំនិញនាំចេញ-នាំចូល តែងត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការប្រែប្រួល ស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដើម្បីរក្សាបាននូវតុល្យភាពនៃការជំរុញសកម្មភាពពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងការប្រមូលចំណូលចូលថវិកាជាតិ។

លោកមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់តាមរយៈការលើកទឹកចិត្តផ្នែកពន្ធនិងអាករបន្ថែមទៀត សំដៅជំរុញសន្ទុះអភិវឌ្ឍន៍វិស័យអាទិភាពនានារួមមាន វិស័យកសិកម្ម, វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យឧស្សាហកម្ម និងផលិតកម្ម, វិស័យដឹកជញ្ជូន, ការរួមចំណែកក្នុងការការពារបរិស្ថាន និងការសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេស ក្នុងបរិបទដែលកម្ពុជាបាននិងកំពុងរងនូវផលប៉ះពាល់ខ្លាំងបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩, អតិផរណា និងការថមថយកំណើនសេដ្ឋកិច្ចសកល»។

ឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី មានប្រសាសន៍ថា «បើសិនជារាជរដ្ឋាភិបាលមានការលើកទឹកចិត្តឱ្យរួចពន្ធអាករសម្រាប់ឧស្សាហកម្មនៅក្នុងស្រុកគឺពិតជាជួយខ្លំាងមែនទែនទៅដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា(SME)ឱ្យពង្រឹងនិងពង្រីកខ្លួនបានយ៉ាងលឿនបានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិកើនឡើងរហ័ស ដោយយើងមិនចំាបាច់ពឹងផ្អែកនាំចូលផលិតផលពីប្រទេសផ្សេងៗចូលមកកម្ពុជា»៕
អត្ថបទ៖សារេត