ចាបព្រែវែងរស់នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅកើនឡើងដល់៥ពាន់ក្បាលចូលរួមទាក់ទាញភ្ញៀវទេសចរទៅទស្សនា

សង្គម​និង​សេដ្ឋកិច្ច

តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកោះអណ្តែងនិងស្រុកបូរីជលសារ ខេត្តតាកែវបានធ្វើការសង្កេតឃើញនៅវត្តមានប្រភេទសត្វចាបព្រៃវែង ដែលធ្វើការបម្លាស់ទីនិងធ្វើការពងកូននៅតំបន់ស៊ីបេរីនៃប្រទេសរុស្ស៊ីបានចូលរករស់នៅកើនឡើងរហូតដល់៥ពាន់ក្បាលសម្រាប់ចូលរួមទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លឹម វ៉ាត នាយរងតំបន់ការពារទេសភាពបឹងព្រែកល្ពៅបានឱ្យអ្នកសារព័ត៌មានឧកញ៉ា ញ៉ូស៍ដឹងថា«ប្រភេទហ្វូងចាបព្រៃវែងនេះវាពងកូននៅស៊ីបេរីប្រទេសរុស្ស៊ី វាមិនពងកូននៅក្នុងប្រទេសកម្ពុជាយើងនោះទេ ហើយក្រោយពីពងកូនហើយ ដល់ពេលរដូវទឹកសម្រកទើបវាហើរវិលមកវិញក្នុងបឹងព្រែកល្ពៅទីតំាងរកចំណីរបស់ពួកវា។តែដល់រដូវវស្សាធ្លាក់ភ្លៀងឬរដូវទឹកឡើងវាចាប់ផ្តើមចាកចេញទៅប្រទេសរុស្ស៊ីវិញ»។

លោកបន្តថា សត្វចាបព្រៃវែងយើងចាត់ទុយក ជាប្រភេទសត្វស្លាបសន្តប្រវេសន៍ ហើយប្រជាពលរដ្ឋខ្មែរយើងភាគច្រើនមិនសូវជាបានចាប់អារម្មណ៍ថាវាមានការបម្លាស់ទីពីប្រទេសរុស្ស៊ីមកកម្ពុជាទេ ទើបតែរយៈពេល៣ឆ្នំាចុងក្រោយនេះ ដែលមន្ត្រីបរិស្ថាននិងអង្គការដៃគូបានធ្វើការអប់រំនិងផ្សព្វផ្សាយឱ្យសាធារណៈជនបានដឹង។

លោកគូសបញ្ជាក់ថា«សត្វចាបព្រៃវែងនេះ ទំាងភ្ញៀវជាតិនិងអន្តរជាតិ ពេលគាត់មកគាត់តែងតែសួរនាំ ព្រោះគាត់ចង់ដឹងចង់ឃើញ ។ ប៉ុន្តែប្រភេទសត្វនេះវាប្រមូលផ្តុំគ្នានៅពេលល្ងាចវាស្វែងរកទ្រនំបន្ទាប់ពីបញ្ចប់ការរកចំណីមកដេកតាមគុម្ពោតព្រៃត្រែង ជាហេតុធ្វើឱ្យភ្ញៀវពិបាកក្នុងរងចំាទស្សនា។ តែសម្រាប់ភ្ញៀវដែលមានការយល់ដឹងខ្ពស់ ពួកគាត់តស៊ូនៅដេករងចំាមើល ឬរងចំាថតទិដ្ឋភាពជាក់ស្តែងរបស់ចាបព្រៃវែងទាល់តែបាន។លើសពីនេះ វត្តមានចាបព្រៃវែងនេះវាផ្តល់ផលចំណេញដល់ប្រទេសកម្ពុជាយើង ព្រោះសហគមន៍អន្តរជាតិខាងក្រៅគេជួយកម្ពុជាដោយសារយើងការពារសត្វចាបព្រៃវែងបានគង់វង្សហើយមានការកើនឡើងច្រើន មិនមានព្រានព្រៃឬជនខិលខួចលួចបរបាញ់ ហើយយើងអាចការពារបាននៅបឹងព្រែកល្ពៅទំាងការស្នាក់នៅនិងការរកចំណី»។

បើតាមលោក លឹម វ៉ាត ភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនាសត្វស្លាបនៅបឹងព្រែកល្ពៅភាគច្រើននៅខែ៨រហូតដល់ខែ១២ ហើយនៅរដូវទឹកតំម្លើងគាត់មកទស្សនា(ឆ្លុះ)សត្វស្លាបទឹកដែលវាពងកូននៅលើសំបុក។

ទាក់ទងនិងប្រភេទសត្វចាបព្រៃវែងនេះ បើយោងតាមឯកសារដែលផ្តល់ដោយមន្ត្រីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅបានបង្ហាញថា ចាបព្រៃវែង ជាប្រភេទសត្វស្លាបសន្តប្រវេសន៍ ដែលទទួលរងការំរាមកំហែងជាលក្ខណៈសកល។ បក្សីនេះធ្វើការបម្លាស់ទីនៅក្នុងរដូវមិនបន្តពូជទៅកាន់ពាសពេញនៃភាគខាងត្បូងប្រទេសចិន ទ្វីបអាស៊ីអាគ្នេយ៍ ភាគខាងលិចទៅភាគឦសាននៃប្រទេសឥណ្ឌា ប្រទេសនេប៉ាល់ និងប្រទេសក្លាដែស។ ប្រភេទសត្វនេះធ្លាប់ជាសត្វស្លាបសម្បូរបំផុតមួយនៅអឺរ៉ាស៊ី ហើយមានការបង្កាត់ពូជនៅតំបន់ Palearctic លាតសន្ធឹងពី តំបន់ Fennoscandia ទៅភាគខាងកើតនៃប្រទេសរុស្ស៊ី និងប្រទេសជប៉ុន។ ទោះជាយ៉ាងណាក៏ដោយចំនួនបក្សីនេះ បានទទួលរងនូវការថយចុះយ៉ាងខ្លាំង ដោយសារតែមានការបរបាញ់ សម្រាប់ការបរិភោគរបស់មនុស្ស ស្ថិតនៅក្នុងមួយកម្រិតដែលមិនមាននិរន្តរភាព និងការបាត់បង់និងការរិចរិលទីជម្រកនៅក្នុងទ្រង់ទ្រាយធំ។

បក្សីនេះត្រូវបានគេរាប់បញ្ចូលទៅជាប្រភេទជិតផុតពូជបំផុតក្នុងឆ្នាំ ២០១៧។ បក្សីនេះធ្វើបម្លាស់ទីមកកាន់ប្រទេសកម្ពុជានៅក្នុងរដូវមិនបន្តពូជ ហើយត្រូវបានគេប្រទះឃើញ និងកត់ត្រានៅកំឡុងខែវិច្ឋិកា ដល់ខែឧសភា។ ផ្នែកជាច្រើននៃប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាកន្លែងសម្រាប់រដូវរងារសម្រាប់សត្វចាបព្រៃវែង ជាពិសេសនៅតំបន់ទំនាបទន្លេសាប និងនៅតំបន់ទំនាបខាងកើត រួមទាំងតំបន់ការពារទេសភាពបឹងព្រែកល្ពៅជាដើម។ នៅឆ្នាំ២០២៣នេះ វត្តមានចាបព្រៃវែងប្រមាណ ៥០០០ក្បាល បានមករកចំណីនិងស្នាក់នៅបឹងព្រែកល្ពៅ ខេត្តតាកែវ ពីខែធ្នូ ដល់ខែ ឧសភា៕អត្ថបទ៖សារេត