រដ្ឋមន្រ្តីសេដ្ឋកិច្ច ជំរុញឱ្យធុរជន និងវិនិយោគិនទាំងអស់ ទាញយកប្រយោជន៍ពីថ្នាលបច្ចេកវិទ្យាព័ត៌មាន

សង្គម​និង​សេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើការបានលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិនទាំងអស់ ចូលរួមទាញយកអត្ថប្រយោជន៍ឱ្យបានច្រើន ពីថ្នាលបច្ចេកវិទ្យាព័ត៌មាន។ការជំរុញនេះ បន្ទាប់ពីក្រសួងសេដ្ឋកិច្ចដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ៣ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាពត៌មាន ទាំង ៣ ដំណាក់កាលកន្លងមក តែងមានការកាត់បន្ថយនូវនីតិវិធី, ជីរវេលា និង ថវិកា ក្នុងគោលដៅផ្ដល់ភាពងាយស្រួលឱ្យបានជាអតិបរមា ដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។

លោកថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងតែកែសម្រួល និងបន្ថែមមុខងារថ្មីៗជាបន្តបន្ទាប់ នៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ជាពិសេស មុខងារដែលអនុញ្ញាតឱ្យធុរជន និង វិនិយោគិន អាចលើកឡើងអំពីបញ្ហាប្រឈម និង ផ្ដល់មតិយោបល់កែលម្អ ក្នុងន័យស្ថាបនា។

ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះ បានជំរុញឱ្យធុរជន និងវិនិយោគិនទាំងអស់ ចូលរួមទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ទាំងការប្រើប្រាស់សេវា ទាំងការផ្តល់មតិស្ថាបនាល្អៗ ដើម្បីបន្តអភិវឌ្ឍថ្នាលឱ្យកាន់តែមានប្រសិទ្ធភាព និងងាយប្រើប្រាស់។

លើសពីនេះ លោក ក៏បានលើកទឹកចិត្តឱ្យក្រុមការងារអន្តរក្រសួង បន្តរៀបចំកិច្ចការនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅពង្រីកវិសាលភាពនៃការរៀបចំឱ្យគ្របដណ្តប់ដល់សេវាសំខាន់ៗ ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ចកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានដាក់ដំណើរការដំណាក់កាលទី ១ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយសម្រួលដល់នីតិវិធីនៃការធ្វើធុរកិច្ចទូទៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើគោលការណ៍កាត់បន្ថយនីតិវិធីស្មុគស្មាញ, កាត់បន្ថយចំណាយ និងកាត់បន្ថយថិរវេលា។ ជាមួយនឹងការបន្តពង្រីកវិសាលភាព, ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២១ ហើយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដំណាក់កាលទី ៣ ក៏ត្រូវបានដាក់ដំណើរការជាបន្តបន្ទាប់៕

អត្ថបទ៖​ពិសី