ទេសចរក្នុងស្រុក ទៅទស្សនាប្រាសាទព្រះវិហារនៅមានកម្រិត ខណៈទេសចរជប៉ុន អឺរ៉ុប និងសហរដ្ឋអាមេរិកចាប់អារម្មណ៍ច្រើនជាងមុន

សង្គម​និង​សេដ្ឋកិច្ច

មគ្គុទេសក៍ទេសចរម្នាក់បម្រើសេវានៅខេត្តសៀមរាប បានធ្វើការកត់សម្គាល់ឃើញភ្ញៀវទេសចរអន្តរជាតិកាលពីមុនៗពេលគាត់មកទស្សនានៅខេត្តសៀមរាបហើយ កម្របានចង់ទៅលេងនៅប្រាសាទព្រះវិហារណាស់ តែមួយរយៈចុងក្រោយនេះតែងឃើញភ្ញៀវបរទេស មានការទិញកញ្ចប់ទស្សនាបន្ថែមទៅប្រាសាទព្រះវិហារមានចំនួនគួរឱ្យកត់សម្គាល់ ខណៈភ្ញៀវទេសចរក្នុងស្រុកចាប់អារម្មណ៍ទៅលេងច្រើនដែរ តែហាក់នៅមានកម្រិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ធឿន វុឌ្ឍី បានឱ្យដឹងថាបច្ចុប្បន្ននេះអត់ទាន់មានកម្មវិធីផ្សព្វផ្សាយឬកម្មវិធីលើកទឹកចិត្តដើម្បីទាក់ទាញប្រជាពលរដ្ឋយើងទៅលេងនៅប្រាសាទព្រះវិហារឱ្យបានច្រើន។តែជាការសង្កេតឃើញប្រជាពលរដ្ឋខ្មែរទៅទស្សនានៅប្រាសាទព្រះវិហារហាក់នៅមានកម្រិតនៅឡើយ ខណៈប្រទេសជិតខាងគេមានបំណងចង់មកលេងច្រើនជាងយើងដែលជាម្ចាស់ប្រាសាទឬម្ចាស់ទឹកដី។

លោក គូសបញ្ជាក់ថា«សម្រាប់ភ្ញៀវបរទេស មានជនជាតិជប៉ុន អឺរ៉ុបនិងសហរដ្ឋអាមេរិក គាត់មកទស្សនានៅខេត្តសៀមរាប ហើយភ្ជាប់សេវាកម្មទៅលេងប្រាសាទព្រះវិហារបន្ត ហើយភាពអស្ចារ្យរបស់ប្រាសាទព្រះវិហារខ្មែរបានធ្វើឱ្យពួកគាត់ឆ្ងល់ថាហេតុអ្វីដូនតាខ្មែរយើងពូកែរើសទីតំាងសម្រាប់សាងសង់ប្រាសាទម្លេះក្រៅពីចម្លាក់ រចនាសម្ព័ន្ធសាងសង់។ទីតំាងមានភាពអស្ចារ្យបំផុតចំពោះអ្នកនិយមជឿទៅលើអាទិទេព»។

លោកសង្កត់ធ្ងន់ថា«ក្នុងនាមជាអ្នកមគ្គុទេសក៍ទេសចរណ៍ក្នុងស្រុកម្នាក់យល់ឃើញថា ប្រាសាទព្រះវិហារគឺមានប្រវត្តិអស្ចារ្យ ខុសពីប្រាសាទផ្សេងៗកសាងដោយព្រះរាជាតែមួយអង្គឬមួយជំនាន់ទៅពីរជំនាន់សាងសង់ហើយ ប៉ុន្តែប្រាសាទព្រះវិហារនេះគឺមានព្រះរាជាជិតដល់១០ព្រះអង្គដែលបានចូលរួមកសាងប្រាសាទ។ជារួមសម្រាប់ខ្ញុំប្រាសាទព្រះវិហារសាងសង់លើទីតំាងដែលល្អហើយមានការចូលរួមច្រើនពីព្រះរាជានៅសម័យមុន»។

បើតាមលោក ធឿន វុឌ្ឍី ប្រាសាទព្រះវិហារចាប់ផ្តើមសាងសង់នៅចុងសតវត្ស៍ទី៩ ក្នុងអំឡុងឆ្នំា៨៨០ជាង។ បច្ចុប្បន្ននេះនិន្នាការរបស់ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃមានការយល់ដឹងផ្នែកប្រាសាទបេតិកភណ្ឌដែលជាសម្បត្តិដ៏អស្ចារ្យរបស់ជាតិនៅមានកម្រិត ហើយអ្វីដែលពលរដ្ឋខ្មែរចង់ទៅលេងទាល់តែទីតំាងនោះក្រៅពីមានប្រាសាទ នៅមានរបស់ផ្សេងនៅជាមួយដូចជារមណីយដ្ឋានកែច្នៃ មានអាហារដ្ឋាន និងមានកន្លែងទាក់ទាញផ្សេងទៀត បើមានតែប្រាសាទមួយមុខទេ ប្រជាពលរដ្ឋខ្មែរទៅកម្សាន្តតែ១ដងឬអ្នកខ្លះមិនបានទៅមើលផង។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានបង្ហាញថាក្នុងឆ្នំា២០២២កន្លងមកនេះ ភ្ញៀវទេសចរជាតិបានមកទស្សនាប្រាសាទព្រះវិហារមានជិត១០ម៉ឺននាក់ ខណៈភ្ញៀវទេសចរបរទេសមានជាង៤ពាន់នាក់បើប្រៀបធៀបទៅនិងឆ្នំា២០២១មានការកើនឡើងខ្ពស់ដូចគ្នា។

គួរម្លឹកថានៅថ្ងៃទី១៥ មិថុនា កន្លងទៅថ្មីៗនេះជាថ្ងៃដែលកម្ពុជាឈ្នះក្តីលើថៃដោយតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចក្តីឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើថៃ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៕

អត្ថបទ៖សារេត