World Bank ផ្តល់ជំនួយ១៦៩លានដុល្លារ សង់ផ្លូវជនបទ និងគ្រប់គ្រងគ្រោះធម្មជាតិនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ធនាគារពិភពលោក( World Bank) បាន​អនុម័តផ្តល់ជំនួយដល់កម្ពុជាចំនួន ១៦៩​លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនភាពធន់នៃបណ្តាញផ្លូវជន​បទ​ទៅនិងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តគម្រោង។ នេះបើយោងតាមសេចក្តីប្រកាសរបស់ធនាពិភពលោកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារពិភពលោក( World Bank) បានឲ្យដឹងថា នេះជាកញ្ចប់ហិរញ្ញប្បទានថ្មី សម្រាប់អនុវត្ត​គម្រោងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ​អាស៊ីអាគ្នេយ៍នៅកម្ពុជា​ ដំណា​​​ក់​​​កាល​ទី២ ដែលក្នុងនោះទឹកប្រាក់ចំនួន ៤៥០ ០០០ដុល្លារអាមេរិកទៀត​ ជាជំនួយរបស់ប្រទេសជប៉ុន និងចំនួន២លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ នឹងធ្វើបន្តពីដំណាក់កាលទី១ ដោយសាងសង់ផ្លូវ និង​ស្ពាន​នៅតាម​តំបន់​រងការជន់លិចទឹក និងជួយ​បង្កើន​សមត្ថភាព​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយ​អាកាសធាតុផងដែរ។

មួយវិញទៀត មន្រ្តីនៃក្រសួង​អភិវឌ្ឍន៍​ជន​បទ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាលលើ​ការ​គ្រប់​គ្រងហានិភ័យ​គ្រោះ​ធម្មជាតិ ការ​បន្ស៊ាំទៅនឹងការប្រែប្រួល​អាកាសធាតុ និង​ការ​វាយតម្លៃ​តម្រូវការ​ក្រោយ​មានគ្រោះធម្មជាតិ។

ក្រៅពីនេះ ​ប្រជាជន​ចំនួន​ប្រហែល ៥,៥​លាននាក់​ ក្នុង​នោះ ៥២​ភាគរយជា​ស្ត្រី នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំពីរ និង​ដល់​អ្នក​​ដែល​ប្រើ​ប្រាស់​បណ្តាញផ្លូវទាំងនេះ នឹងទទួលបានប្រយោជន៍ពីគម្រោងនេះ។​

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្ត​មុះមុត​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នៃរាជរដ្ឋា​ភិបាល​កម្ពុជា គម្រោង​នេះ​នឹង​ជួយធ្វើ​យ៉ាង​ណា​ឱ្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវជនបទ​ឱ្យ​នៅមានភាពរឹងមាំ និងធន់​ទៅនឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ហើយ​ទន្ទឹមគ្នានោះជួយការ​ពារ​ផងដែរដល់ប្រជាជនងាយរ​ងគ្រោះ​ពីហេតុការណ៍គ្រោះធម្មជាតិ​ដែលគ្មាន​អ្នក​ណា​អាច​ដឹងមុន។

គួរបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះណាស់ពីផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងនោះមានជាពិសេស ទឹកជំនន់ និងភាពរាំងស្ងួត ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទក៏ងាយរងគ្រោះខ្លាំងណាស់ដែរពីហានិភ័យនៃគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។ បណ្តាញផ្លូវជនបទមានភាពចាំបាច់ខ្លាំងណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ជនបទ ហើយការខូចខាតផ្នែកនានានៅលើបណ្តាញផ្លូវអាចធ្វើឱ្យជីវភាពគ្រួសារជនបទជួបការលំបាក និងបង្កឧបសគ្គដល់លទ្ធភាពទទួលបានសេវាសាធារណៈជាមូលដ្ឋាននានា មានដូចជាទីផ្សារ, សាលារៀន និងមន្ទីរពេទ្យ។ ការខូចខាតយ៉ាងដំណំដោយសារទឹកជំនន់ក្នុងឆ្នាំ២០២០ បានគូសបញ្ជាក់ច្បាស់អំពីសេចក្តីត្រូវការរបស់កម្ពុជាឱ្យមានការវិនិយោគបន្ថែមទៀត ទៅលើការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ និងស្ថានភាពងាយរងគ្រោះរបស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ។

ហេតុនេះ តាមរយៈគម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដើរតួសកម្មនៅក្នុងការបង្កើនភាពធន់របស់ការសាងសង់ និងរបស់ស្តង់ដាថែទាំផ្លូវ៕