ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគក្រោមទុនជាង ៩០០លានដុល្លារ បង្កើតការងារជិត១១ម៉ឺនកន្លែង

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល៦ខែ នៃឆ្នាំ២០២៣នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាទទួលបានគម្រោងវិនិយោគសរុប៩៣គម្រោង ក្នុងទុនប្រមាណជា៩៣៧.៥៤លានដុល្លារអាមេរិក មានសមត្ថភាពបង្កើតការងារប្រមាណ១០ ៨៤៥៦កន្លែង។នេះបើតាមរបាយការណ៍លើទំព័រហ្វេសប៊ុកកន្លងមករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម CDC បានឱ្យដឹងថា ក្នុងខែមករា មានគម្រោងវិនិយោគចំនួន ១០ ក្រោមទុនប្រមាណ៩៩,៤លានដុល្លារ។ ខែកម្ភៈ មានគម្រោងវិនិយោគ១៧ ក្នុងទុនជាង៩៨លានដុល្លារ។ចំណែកខែមីនា មានគម្រោងវិនិយោគចំនួន ៧ក្រោមទុនវិនិយោគជាង ៣៣លានដុល្លារ។ខែមេសា មានគម្រោងវិនិយោគចំនួន ២០គម្រោង ក្នុងទុនប្រមាណ ២៤៧,៧ លានដុល្លារ ចំណែកខែឧសភា មានគម្រោងវិនិយោគចំនួន១០ ជាមួយទុន ៦០,១៤លានដុល្លារ។ដោយឡែក ក្នុងខែមិថុនា មានគម្រោងវិនិយោគ២៩ ក្រោមទុនប្រមាណជាង ៣៩០លានដុល្លារ។

គម្រោងវិនិយោគទាំង៩៣នោះ រួមមានភាគច្រើន គម្រោងបង្កើតរោងចក្រសម្លៀកបំពាក់ រោងចក្រផលិតកាបូប រោងចក្រអំពូលភ្លើង គម្រោងផ្សារទំនើប រោងចក្រស៊ីម៉ង់ត៍ រោងចក្រកែច្នៃម្ហូបអាហារ កសិដ្ឋានចិញ្ចឹមសត្វ គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ជាដើម។

គួររម្លឹកផងដែរថា ក្នុងឆ្នាំ២០២២កន្លងទៅ CDC បានអនុម័តគម្រោងចំនួន១៦៥គម្រោង ដែលមានទុនវិនិយោគប្រមាណ ៣៧៧៩,៧០៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១៦ ១៩៩៥កន្លែង៕