រៀនចប់ពីអាមេរិក កូនរបស់មេធាវី គី តិច ទទួលការតែងតាំងជាអនុរដ្ឋលេខាក្រសួងប្រៃសណីយ៍កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ សម្រេចតែងតាំង លោក គី ឌីបូម៉ា ជាអនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ តបតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គី ឌីបូម៉ា គឺជាប្រុសច្បងរបស់លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា។ លោក គី ឌីបូម៉ា ទើប​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​បរិញ្ញាប័ត្រ​ច្បាប់​កាល​ពី​ខែ​ឧសភា ឆ្នាំ២០២២កន្លងទៅ នៅ​សកលវិទ្យាល័យ​អារីហ្សូណា(Arizona) នៅ​សហរដ្ឋ​អាមេរិក។

នៅលើទំព័រហ្វេសប៊ុកលោក គី ឌីបូម៉ា បានប្រកាសថ្លែងអំណរអរព្រះគុណចំពោះព្រះមហាក្សត្រកម្ពុជា និងសូមគោរពដឹងគុណ​ ថ្លែងអំណរគុណ​ជាអតិ​បរមា​ ចំពោះសម្តេចតេជោ​ ហ៊ុន​ សែន​ ដែលសម្តេចបានផ្តល់ឱកាស​ដល់រូបលោកបានចូលបំរេីការ​ងារជាមួយរាជរដ្ឋាភិបាល​ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិត បញ្ញាញាណវៀងវៃ របស់សម្តេចតេជោ។

ទន្ទឹមនឹងនេះ លោកបានប្រកាសប្តេជ្ញាចិត្ត​ប្រើប្រាស់ទាំងកម្លាំងកាយ​ កម្លាំងចិត្ត​ និង​ ចំណេះជំនាញដែលបានទទួលពីការសិក្សា​កន្លង​មកបំរេី​ជាតិ​ មាតុភាព​ និង​ក្រុមគ្រួសារសម្តេចតេជោ ដោយភាពស្មោះស្ម័គ្រ​ និងភក្តីភាពបំផុតរហូតតរៀងទៅ៕