ក្រុមវារីវប្បករមិនបោះបង់សេចក្តីសង្ឃឹមក្នុងការផលិតត្រីសម្រាប់នាំចេញទៅទីផ្សារចិន

សង្គម​និង​សេដ្ឋកិច្ច

បើទោះបីមុខរបរចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកពិបាករកប្រាក់ចំណេញដូចនាពេលសព្វថ្ងៃ ក្រុមវារីវប្បករឬក្រុមអ្នកចិញ្ចឹមត្រីនៅប្រកាន់ខ្ចប់ដោយមិនបោះបង់សេចក្តីសង្ឃឹមរបស់ខ្លួនក្នុងការផលិតត្រីដើម្បីនាំចេញទៅទីផ្សារប្រទេសចិនឬទីផ្សារផ្សេងទៀតនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ ការចិញ្ចឹមត្រីនៅក្នុងស្រុកអត់មានការកើនឡើងទេ មានតែនៅទ្រឹង និងថយចុះ ដោយសារចំណីត្រីឡើងថ្លៃទៅតាមទំនោរទីផ្សាអន្តរជាតិ។

លោកបន្តថា ស្ថិតក្នុងកាលៈទេសៈលំបាកនេះ កសិករដែលជាអ្នកចិញ្ចឹមត្រី គាត់មិននឿយណាយទេ គាត់នៅតស៊ូព្យាយាម ហើយយកចិត្តទុកដាក់ទៅលើមុខរបររបស់ពួកគាត់ ដោយមិនមានការដកថយបើទោះបីតម្លៃចំណីត្រីលើទីផ្សារនៅថ្លៃ ធ្វើឱ្យអ្នកចិញ្ចឹមត្រីពិបាករកប្រាក់ចំណេញក៏ដោយ។

បើតាមប្រធានសមាគម បច្ចុប្បន្នកសិករមានការនិយមចិញ្ចឹមត្រីប្រា ត្រីទីឡាប់យ៉ា ត្រីអណ្តែង ត្រីក្រាញ់និងកង្កែប ខណៈសមាជិករបស់សមាគមបានចិញ្ចឹមត្រីនៅទូទំាងប្រទេសប្រមាណ៦០០កសិដ្ឋានតូចនិងធំ។

លោកលើកឡើងថា ចិនជាប្រទេសមានទីផ្សារធំ ហើយខាងភាគីចិនមានគោលបំណងពិតប្រាកដក្នុងការជំរុញការនាំចេញរបស់កម្ពុជា ដោយភាគីចិនបានចុះមកសិក្សាជាបន្តបន្ទាប់។ តួយ៉ាងថ្មីៗនេះ ភាគីចិនបាននំាក្រុមហ៊ុនធំៗចំនួន២ចុះមកសិក្សានិងនាំចេញផលិតផលវារីវប្បកម្មនិងផលិតផលកសិកម្មទៅប្រទេសចិន។

លោក សុខ រ៉ាដែន មានប្រសាសន៍ថាក្នុងនាមខ្ញុំផ្ទាល់ ជាអ្នកចិញ្ចឹមឬផលិតត្រី ហើយតំណាងឱ្យប្រជាពលរដ្ឋដែលជាក្រុមវារីវប្បករឬអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកនាពេលសព្វថ្ងៃ យើងនៅមានក្តីសង្ឃឹមធំជាប់ជានិច្ច។យើងមិនដែលបោះបង់ក្តីសង្ឃឹមរបស់ខ្លួននោះទេ យើងនៅតែធ្វើនិងតស៊ូ ដល់ថ្ងៃណាមួយអ្វីៗនិងអាចបានល្អ។

លោកសង្កត់ធ្ងន់ថា «សព្វថ្ងៃប្រជាពលរដ្ឋ ពិសេសបងប្អូនដែលជាវារីវប្បករមិនដែលបោះបង់សេចក្តីសង្ឃឹម ហើយខ្ញុំគិតថាមិនយូរទៀតទេ រាជរដ្ឋាភិបាលយើងជាមួយរដ្ឋាភិបាលចិនរួមនិងអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកនិងគិតគូរដាក់ទុនវិនិយោគនៅក្នុងវិស័យមួយនេះ ព្រោះវាសំខាន់។ដូច្នេះខ្ញុំក៏ដូចទៅនិងក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុកផ្សេងទៀតនៅសង្ឃឹមជាប់ជានិច្ចក្នុងការផលិតត្រីសម្រាប់នាំចេញទៅទីផ្សារខាងក្រៅ»៕
អត្ថបទ៖សារេត