កម្ពុជា កំពុងបោះជំហានចាប់យកភ្ញៀវទេសចរលំដាប់ខ្ពស់របស់ចិន ឱ្យចាយលុយនៅក្នុងស្រុក

សង្គម​និង​សេដ្ឋកិច្ច

ខេត្តចំនួន៣ក្នុងចំណោមខេត្តផ្សេងទៀត ត្រូវបានដាក់បញ្ចូលឬកំពុងក្លាយជាផលិតផលអេកូទេសចរបែបលំដាប់ខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនដែលមានគុណភាពឱ្យចាយលុយនៅកម្ពុជា ដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចជាតិបន្ថែមទៀត ក្នុងពេលខាងមុខនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអភិវឌ្ឍន៍ទេសចរណ៍គ្រុបខេត្តក្វាងស៊ី ទៅលើកិច្ចសហការរួមគ្នាជំរុញផលិតផលអេកូទេសចរណ៍ទៅកាន់ទីផ្សារចិនបែបលំដាប់ខ្ពស់កាលថ្មីៗនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងថា នៅពេលកន្លងមកយើងឃើញតែសមាជិកដែលជាទីភ្នាក់ងារទេសចរណ៍គាត់ព្យាយាមលក់ដោយធ្វើយ៉ាងម៉េចសេវាឱ្យថោក ដើម្បីទទួលបានការទាក់ទាញ។ដូចនេះយើងចង់បំបែកចេញដើម្បីឱ្យទីភ្នាក់ងាររបស់ចិនបានដឹងនិងចូលរួមជាមួយយើងដោយធ្វើការផ្សព្វផ្សាយ និងលក់នៅផលិតផលអេកូទេសចរណ៍បែបលំដាប់ខ្ពស់របស់កម្ពុជា។

បើតាមប្រធានសមាគទេសចរណ៍កម្ពុជា ផលិតផលអេកូទេសចរណ៍បែបលំដាប់ខ្ពស់នេះមាននៅក្នុងខេត្តកែប ខេត្តកំពត ខេត្តកោះកុង ដែលមានសក្តានុពលទេសចរបន្ថែមទៀត ដែលកាលពីមុនមានតែខេត្តព្រះសីហនុ និងខេត្តសៀមរាប។

លោកស្រីសង្កត់ធ្ងន់ថា «បន្ទាប់ពីចុះហត្ថលេខារួមគ្នារួចហើយ យើងពិតជាមានក្តីរំពឹងថានិងទទួលបានភ្ញៀវទេសចរចិនលំដាប់ខ្ពស់ហូរចូលមកកម្ពុជា។យើងនឹងព្យាយាមដាក់បញ្ចូលខេត្តផ្សេងៗទៀត ដែលមានសក្តានុពលទេសចរខ្ពស់ផ្នែកអេកូទេសចរណ៍ ដើម្បីផ្តល់ជម្រើសនិងមានភាពទាក់ទាញកាន់តែខ្លំាងឡើង ស្របពេលតម្លៃផលិតអេកូទេសចរបែបលំដាប់ខ្ពស់ ភ្ញៀវទេចរចិនយ៉ាងហោចណាស់ត្រូវការចំណាយពី២៥០ទៅ៣០០ដុល្លារ សម្រាប់មនុស្សម្នាក់»។

លោកស្រី លើកឡើងថា ចាប់ពីយើងបានធ្វើកិច្ចសហការជាមួយក្រុមហ៊ុនចិនដ៏ធំមួយនេះហើយ យើងចង់បានការចូលរួមពីសេវាករទំាងអស់នៅតាមគោលដៅអេកូទេសចរណ៍ ដែលមានបម្រើសេវាកម្មដឹកជញ្ជូន សេវាកម្មម្ហូបអាហារ និងសេវាកម្មស្នាក់នៅ សូមឱ្យពួកគាត់ពង្រឹងនៅគុណភាពឱ្យបានល្អ ដើម្បីរួមគ្នាធ្វើការទាក់ទាញទេសចរចិន ដោយសារកន្លងមកយើងបម្រើសេវាកម្មជូនភ្ញៀវអឺរ៉ុប ដោយគិតថាភ្ញៀវចិនមិនសូវចាប់អារម្មណ៍ផ្នែកអេកូទេសចរណ៍។តែឥលូវនេះយើងចាប់ផ្តើមធ្វើការជាមួយនិងទីភ្នាក់ងារទេចរចិន ហើយពួកគាត់មានភាពជឿជាក់ហើយធ្វើការផ្សព្វផ្សាយ ជំរុញដោយនំាយកភ្ញៀវឱ្យកម្ពុជាឱ្យបានក្នុងពេលឆាប់ៗនេះ។

លោកស្រីគូសបញ្ជាក់ថា « ភ្ញៀវទេសចរបរទេសដែលចំណាយលុយច្រើនជាងគេនៅលើពិភពលោកនេះគឺភ្ញៀវទេសចរចិន ហើយចាប់ពីពេលនេះតទៅយើងព្យាយាមចាប់យកភ្ញៀវទេចរចិនដែលមានគុណភាពឱ្យមកចាយលុយនៅកម្ពុជាឱ្យបានច្រើន មិនមែនមកគ្រាន់តែថតរូបនិងប្រើរយៈពេលខ្លីនោះទេ»៕

អត្ថបទ៖សារេត