ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលគោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងាកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៧៨០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងព្រះរាជក្រឹត្យព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងទី២របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន កើតថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម ក្នុងរបបខ្មែរក្រហមគ្រប់គ្រង។

ឯកឧត្តម ហ៊ុន ម៉ាណែត បានធំដឹងក្តី និងទទួលបានការអប់រំទូទៅនៅភ្នំពេញ ហើយក្រោយមកបានចូលបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទនៅឆ្នាំ ១៩៩៥ ក្នុងឆ្នាំដដែលនោះឯកឧត្តមបានចូលរៀននៅសាលាយោធាសហរដ្ឋអាមេរិកនៅ វ៉េស ផនត៍ ។ ដោយបានទទួលសញ្ញាបត្រនៅខែឧសភា ឆ្នាំ១៩៩៩។ ពេលបញ្ចប់ការសិក្សាពី វ៉េស ផនត៍ ឯកឧត្តមបានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងទទួលបានតំណែងជាអនុសេនីយ៍ឯកក្នុងកងយោធពលខេមរភូមិន្ទ។ បន្ទាប់មកឯកឧត្តម ក៏បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ ញូវយ៉ក សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០២ និងបណ្ឌិតផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ ប្រីស្តូល ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៨។

ឯកឧត្តម ហ៊ុន ម៉ាណែត បានទទួលការតែងតាំងជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្មជាតិរបស់កម្ពុជា ដែលមានឋានៈវរសេនីយ៍ឯកក្នុងឆ្នាំ ២០០៨ ជាមួយនឹងការទទួលខុសត្រូវក្នុងការជួយកសាងសមត្ថភាពរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ លោកទទួលបានឋានន្តរស័ក្តិជាឧត្តមសេនីយឯកក្នុងខែមិថុនា ឆ្នាំ ២០១៣ ភ្លាមៗបន្ទាប់ពីត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ ក្នុងអំឡុងការប្រឈមមុខដាក់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ ២០០៨-២០១១ ឯកឧត្តម ហ៊ុន ម៉ាណែត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា។ ឯកឧត្តមក៏ចូលរួមយ៉ាងខ្លាំងជាមួយនឹងដំណើរការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសផ្តោតលើមន្ត្រីយោធា និងយោធិនវ័យក្មេង។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ផ្កាយ៤។

ក្នុងជួរគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ និងត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ និងជាបេក្ខភានាយករដ្ឋមន្ត្រីបន្តវេន នៅឆ្នាំ២០២១។

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៧៧២ ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ប៉ុន្តែឯកឧត្តមនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២២ ខែសីហាខាងមុខ បន្ទាប់ពីរដ្ឋសភាបើកសម័យប្រជុំដំបូងរបស់ខ្លួន សម្រាប់នីតិកាលទី៧៕