រយៈពេល៧ខែ កម្ពុជាទទួលបានភ្ញៀវទេសចរតាមផ្លូវអាកាសប្រមាណជាង១លាននាក់

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល៧ខែ នៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៣,០៣៧,៣៤៤ នាក់ កើនឡើង៣០៨ភាគរយ ឬស្មើនឹង៧៤៣,៤៥៩នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ក្នុងនោះ ភ្ញៀវដែលមកទស្សនាប្រទេសកម្ពុជាតាមផ្លូវអាកាស ប្រមាណ១,០៦៥,២៣៣ នាក់ កើនឡើង ២៣៧ ភាគរយ និងមកតាមផ្លូវគោក និងផ្លូវទឹកមានចំនួន១.៩៧២.១១១នាក់ ដោយកើនឡើង៣៦២%។នេះ បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែល បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ខាងលើ ដែលមកលេងកម្ពុជា ភ្ញៀវទេសចរថៃ មានចំនួនច្រើនជាងគេអំឡុងពេលពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ បន្ទាប់មកគឺភ្ញៀវជនជាតិវៀតណាម និងភ្ញៀវជនជាតិចិន។

លោក វង្ស ស្វុទ្ធ មគ្គុទេសក៍ទេសចរណ៍ផ្នែកភាសាបារាំងខេត្តសៀមរាប បានឱ្យដឹងថា បើនិយាយពីភ្ញៀវទេសចរក្នុងស្រុកសម្រាប់ខេត្តសៀមរាបហាក់បីដូចជាមានការថយចុះ ដោយសារមានកន្លែងកម្សាន្តផ្សេងៗច្រើន ភាគច្រើនភ្ញៀវក្នុងស្រុកទៅទស្សនាតំបន់ដែលថ្មីៗ។សម្រាប់ភ្ញៀវបរទេស បើប្រៀបធៀបរវាងខែ៨ ឆ្នាំ២០២២ និងខែ៨ នៃឆ្នាំ២០២៣នេះ ក៏មិនសូវមានការកើនឡើងច្រើនប៉ុន្មាននោះទេសម្រាប់ខេត្តសៀមរាប បើមានការកើនឡើងភាគច្រើនជាភ្ញៀវទេសចរអឺរ៉ុប ដែលមានអេស្បាញ និងបារាំងជាដើម។

បើតាមការរំពឹងទុករបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពេញមួយឆ្នាំ២០២៣នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច៥លាននាក់។

គួររម្លឹកផងដែរថា ក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២៣ កម្ពុជាទទួលបាន​ភ្ញៀវ​បរទេស​មក​កម្ពុជា​ តាម​ផ្លូវអាកាសប្រមាណ៤៨១ ៥៨២ ​នាក់ កើនឡើង ៤៥៣,៧​ ភាគរយ ​បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕