ក្រៅពីតំណែងរដ្ឋមន្រ្តី លោក អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកភារកិច្ចអ្វីខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

គណៈរដ្ឋមន្រ្តីនីតិកាលទី៧ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានការកែសម្រួលសមាសភាពគណៈរដ្ឋមន្រ្តីចាស់មួយចំនួន ក្នុងនោះលោក អូន ព័ន្ធមុនីរ័ត្ន ដែលកាន់តួនាទីជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តឲ្យដឹកនាំក្រសួងសេដ្ឋកិច្ចដដែលសម្រាប់អាណត្តិទី៧នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីតំណែងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហើយនោះ លោក អូន ព័ន្ធមុនីរ័ត្ន មានតំណែងកំពូលមួយទៀតជាឧបនាយករដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលនៅថ្ងៃទី ២២ ខែសីហាបានសម្រេចកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីសំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ។

តំណែងឧបនាយករដ្ឋមន្រ្តី លោក អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជានាយករដ្ឋមន្រ្តីស្តីទីពេលនាយករដ្ឋមន្រ្តី និងលោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តីលេខរៀងទី១ អវត្តមាន។

បន្ថែមទៀតនោះ លោកនឹងជួយនាយករដ្ឋមន្រ្តីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តមានការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្រ្តីប្រគល់ជូន។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាប់​តាំងពី​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ ជំនួសលោក គាត ឈុន ហើយនឹងកាន់​តំណែង​នេះ​បន្ត​ទៀត នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៧។ ចំណែក​តួនាទី​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោកជា​សមាជិក​ម្នាក់​ក្នុង​ចំណោម ៣៥​នាក់​នៃ​គណៈ អចិន្ត្រៃយ៍​ជា​ស្ថាប័ន​កំពូល​របស់​បក្ស៕