កម្ពុជា-ចិន បានបោះជំហានយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរជំនាញក្នុងវិស័យមាត្រាសាស្ត្រ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអបអរសាទរចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការផ្នែកមាត្រាសាស្រ្តរបស់ខ្លួនជាមួយប្រទេសចិន នៅក្នុងសន្និសីទកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ដែលជាវេទិកាសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកមាត្រាសាស្ត្រ ក្នុងចំណោមប្រទេសដែលជាសមាជិក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ សន្និសីទនេះធ្វើឡើងស្របពេលនៃខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសុន្ទរកថាតាមប្រព័ន្ធអនឡាញជូនអង្គសន្និសីទនៅថ្ងៃទី២៩ ខែសីហា ឆ្នំា២០២៣ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា «មាត្រាសាស្ត្រ ដែលជាវិទ្យាសាស្ត្រនៃការវាស់វែង មានសារៈសំខាន់ណាស់សម្រាប់សង្គមសម័យទំនើបរបស់យើង។ វាគាំទ្រការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ លើកកម្ពស់ស្តង់ដារឧស្សាហកម្ម និងការពារសុវត្ថិភាព និងសុខភាពសាធារណៈ។ ដោយទទួលស្គាល់នូវសារៈសំខាន់នេះ កម្ពុជា និងចិនបានបោះជំហានយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរជំនាញក្នុងវិស័យមាត្រាសាស្ត្រ»។

លោករដ្ឋមន្ត្រីលើកឡើងថា ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះកម្ពុជា និងចិនបានកសាងទំនាក់ទំនងការទូតដ៏រឹងមាំ និងស្វាហាប់។ ក្រោមកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ប្រទេសទាំងពីរបានបង្កើនការយោគយល់គ្នាទៅវិញទៅមក ទំនុកចិត្ត និងមិត្តភាព។ ដោយឡែកក្នុងវិស័យមាត្រាសាស្ត្រ អ្នកជំនាញចិនបានផ្តល់ជំនួយបច្ចេកទេសដ៏មានតម្លៃ និងបានផ្ទេរចំណេះដឹងជាច្រើនដល់កម្ពុជា។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវស្តង់ដារវាស់វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។

លើសពីនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវបានជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនៅក្នុងវិស័យជាច្រើន។ តាមរយៈការពង្រីកការតភ្ជាប់ និងកិច្ចសហការរវាងប្រទេសនៅតាមបណ្តោយខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ គំនិតផ្តួចផ្តើមនេះបានបង្កើតឱកាសដ៏ធំសម្បើមសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងក្នុងវិស័យមាត្រាសាស្ត្រ។

កម្ពុជា និងចិនបានប្រើប្រាស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកមាត្រាសាស្រ្តនៃប្រទេសទាំងពីរ។ តាមរយៈការសិក្សាស្រាវជ្រាវរួមគ្នា កម្មវិធីបណ្តុះបណ្តាល និងការផ្លាស់ប្តូរឧត្តមានុវត្តនានា យើងបានពង្រឹងប្រព័ន្ធ និងបច្ចេកទេសវាស់វែងរបស់យើងប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី មានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាលរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលវិជ្ជមានទៅលើឧស្សាហកម្ម ដែលនាំឱ្យមានការវាស់វែងច្បាស់លាស់ និងបង្កើនផលិតភាព។យើងសូមថ្លែងអំណរគុណដល់ប្រទេសចិនចំពោះការគាំទ្រ និងមិត្តភាពដែលមិនផ្លាស់ប្តូរនេះ។ ខ្ញុំមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការផ្នែកមាត្រាសាស្ត្ររបស់យើងនឹងបន្តរីកចម្រើន ដោយនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើង និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់»៕ អត្ថបទ៖សារេត