ទំនាក់ទំនងការទូត កម្ពុជា-ចិន កាន់តែល្អរំពឹងថាទទួលបានភ្ញៀវទេសចរចិនចូលមកទស្សនាកម្ពុជាមានកាន់តែច្រើន

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសចិនតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចំានៅកម្ពុជាបានលើកឡើងថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរវាង ចិន-កម្ពុជា អស់រយៈពេល ៦៥ឆ្នាំមកប្រទេសទាំងពីរតែងជួយគ្នាទៅវិញទៅមកនិងរួមសុខរួមទុក្ខជាមួយគ្នា ។ផ្អែកលើទំនាក់ទំនងនេះសម្រាប់វិស័យទេសចរណ៍រំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនចូលមកទស្សនាកម្ពុជាមានចំនួនច្រើនបើមានការជំរុញពីរដ្ឋាភិបាលចិននៅថ្ងៃខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្មីៗនេះមានប្រសាសន៍ថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាអស់រយៈពេល ៦៥ ឆ្នាំមក ប្រទេសទាំងពីរតែងជួយគ្នាទៅវិញទៅមកនិងរួមសុខរួមទុក្ខជាមួយគ្នា ទំនាក់ទំនងមួយនេះឆ្លងកាត់ការសាកល្បងគ្រប់ប្រភេទ បានធ្វើឱ្យកាន់តែរឹងមាំមិនអាចបំបែកបាន បានក្លាយជាគំរូសម្រាប់ការរួមគ្នាកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីនិងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

លោកសង្កត់ធ្ងន់ថា « ជឿជាក់ថាក្រោមការខិតខំប្រឹងប្រែងរួមគ្នាពីភាគីទាំងពីរ ទំនាក់ទំនងរវាងចិន-កម្ពុជានឹងស្វាមគន៍ជាមួយការអភិវឌ្ឍន៍កាន់តែធំធេង ផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរជូនដល់ប្រទេសនិងប្រជាជនទាំងពីរ ព្រមទាំងរួមចំណែកថ្មីដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក»។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានឱ្យដឹងថា ផ្អែកទៅលើទំនាក់ទំនងល្អរវាងកម្ពុជា-ចិន រយៈពេល៦៥ឆ្នំាកន្លងមកសម្រាប់វិស័យទេសចរណ៍កម្ពុជា យើងមានការរំពឹងថាភាគីចិននឹងជំរុញភ្ញៀវទេចរចិន ចូលមកទស្សនាកម្ពុជា ខណៈសេវាកម្មទេសចរណ៍របស់កម្ពុជាកំពុងតែងើបឡើងវិញ ពិសេសផលិតផលសេវាកម្មសម្រាប់ទីផ្សារចិន យើងបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលបម្រើទេសចរចិន។ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះគឺភ្ញៀវដែលបានចូលមកប្រទេសកម្ពុជាភាគច្រើនជាអ្នកដែលមានបេសកម្មប៉ុណ្ណោះ ហើយសម្រាប់ភ្ញៀវទេសចរវិញចូលមកកម្ពុជានៅមានកម្រិត។

លោកស្រី ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា«មូលហេតុភ្ញៀវទេចរចិន ចូលមកទស្សនាកម្ពុជានៅមានកម្រិតនេះ បើតាមការសាកសួរអំពីព័ត៌មានពីភាគីដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យឯកជនគឺគាត់មានការលំបាកនៅក្នុងចេញទៅធ្វើទេសចរខាងក្រៅប្រទេសរបស់ពលរដ្ឋចិន ត្រូវបានសាកសួរនូវព័ត៌មានជាច្រើន ម្លោះហើយធ្វើឱ្យពលរដ្ឋចិនមានការរារេកក្នុងការចេញដើរ។ក្នុងន័យនេះខ្ញុំចង់និយាយថាប្រសិនបើរដ្ឋាភិបាលចិនបើកឱ្យពលរដ្ឋចេញធ្វើដំណើរទៅខាងក្រៅបានពេញលេញឬជំរុញឱ្យមកទទួលសេវាកម្មទេសចរណ៍នៅប្រទេសកម្ពុជា នោះនឹងធ្វើឱ្យយើងមានការរំពឹងខ្ពស់ថាភ្ញៀវនឹងចូលមកទស្សនាទៅតាមអ្វីដែលយើងចង់បាន»។

លោកស្រី លើកឡើងថា តាមរយៈការវិនិយោគរបស់វិនិយោគិនចិននៅកម្ពុជាគឺបានចូលរួមចំណែកយ៉ាងច្រើនទៅដល់វិស័យទេសចរណ៍កម្ពុជា ពិសេសផ្លូវល្បឿនលឿនដែលបានឱ្យរស់រវើក បើទោះបីប្រទេសកម្ពុជាស្ថិតក្នុងកំឡុងពេលបិទខ្ទប់វិបត្តិជំងឺកូវីដ១៩ក៏ដោយ។ យើងនៅមានការវិនិយោគជាច្រើនផ្សេងទៀត ដូចជាការអភិវឌ្ឍព្រលានយន្តហោះខេត្តសៀមរាប ព្រលានយន្តហោះភ្នំពេញ។ទំាងនេះសុទ្ធសឹងតែជាផលិតផលក៏ដូចជាទ្រព្យសម្បត្តិដ៏សំខាន់របស់កម្ពុជា សម្រាប់ធ្វើការទាក់ទាញការវិនិយោគពីខាងក្រៅជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖សារេត