ក្រុមហ៊ុន១០ រាជរដ្ឋាភិបាលអនុញ្ញាតិឲ្យបង្កើតគម្រោងវិនិយោគក្នុងទុនប្រមាណ ១៤៦,៤៥លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានបន្តចុះបញ្ជីឲ្យរោងចក្រសហគ្រាសធ្វើការវិនិយោគលើគម្រោងចំនួន ១០បន្ថែមនៅដើមខែកញ្ញា ឆ្នាំ២០២៣នេះ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១០ ដែលមានទុនប្រមាណ ១៤៦,៤៥លានដុល្លារអាមេរិក ក្នុងភូមិសាស្រ្តរាជធានីខេត្តចំនួន ៦ នឹងអាចបង្កើតការងារប្រមាណ ១.៣៥៥១កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ គម្រោងដែលសម្រេចចុះបញ្ជីឲ្យវិនិយោគនៅរាជធានីភ្នំពេញ មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ នៅខណ្ឌសែនសុខ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងរោងចក្រផលិតសម្ភារៈធ្វើពីក្រដាស ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក។​

សម្រាប់ខេត្តកណ្តាលមានគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,០៣លានដុល្លារអាម៉េរិក។ នៅខេត្តតាកែវ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅស្រុកបាទី ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក។

ដោយឡែកនៅខេត្តកំពង់ស្ពឺ គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ ស្ថិតនៅស្រុកបរសេដ្ឋ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក។ រោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ) ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ នៅស្រុកគងពិសី ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក។​ រោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) មានទីតាំងនៅស្រុកសំរោងទង ក្នុងទុនវិនិយោគប្រមាណ ៥,០២លានដុល្លារអាម៉េរិក។

ជាមួយគ្នានោះ ក៏មាននៅខេត្តព្រះសីហនុមួយគម្រោងផងដែរ ដែលជាគម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក៕