អូស្រ្តាលី ផ្តួចផ្តើមថវិកា ៨៧លានដុល្លារ លើកម្មវិធីភាពជាដៃគូជាមួយកម្ពុជា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់

សង្គម​និង​សេដ្ឋកិច្ច

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានចាត់ទុកថាវិស័យពាណិជ្ជកម្មអាចជួយប្រជាជនចេញផុតពីភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ខណៈអូស្រ្តាលី ក៏បានផ្តួចផ្តើមថវិកាចំនួន ៨៧លានដុល្លារ លើកម្មវិធីភាពជាដៃគូជាមួយកម្ពុជា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយធន់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញានេះបានឱ្យដឹងថា កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូត វ៉ាយអេត បានអញ្ជើញជួបជាមួយលោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាការងារអំពីឱកាសក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ស្ថានទូតអូស្រ្តាលីបានបញ្ជាក់ដូច្នេះថា ៖« តាមរយៈគំនិតផ្តួចផ្តើមដែលមានថវិការចំនួន ៨៧លានដុល្លាររបស់ប្រទេសអូស្ត្រាលី កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) យើងកំពុងធ្វើការដើម្បីគាំទ្រដល់ប្រទេសកម្ពុជាសម្រេចគោលដៅ ក្នុងការជំរុញខ្សែសង្វាក់តម្លៃ និងកសាងសមត្ថភាពលើវិស័យកែច្នៃកសិផល និងទាក់ទាញការវិនិយោគជាដើម»។

បើតាមស្ថានទូតកាលពីពេលថ្មីនេះ ធ្លាប់បានអះអាងថា រដ្ឋាភិបាលអូស្ត្រាលីបានដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០ នឹងកំណត់ផែនទីបង្ហាញផ្លូវជាក់លាក់ ដើម្បីជម្រុញពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមករវាងអូស្ត្រាលី និងប្រទេសក្នុងតំបន់។ ទន្ទឹមគ្នានេះ ដោយសារកម្ពុជាសម្លឹងរកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងបង្កើតការងារផ្សេងៗនៅក្នុងតំបន់ថ្មីៗ អូស្ត្រាលីមានអ្វីៗជាច្រើនដើម្បីផ្តល់ជូនក្នុងនាមជាដៃគូដែលអាចទុកចិត្ត សម្រាប់កម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី សម្រេចបានជាង១៣៥លានដុល្លារអាមេរិក កើនឡើង៧.៥% ក្នុងនោះក្នុងកម្ពុជានាំចេញទៅអូស្រ្តាលីតម្លៃ៩៨លានដុល្លារ កើនឡើង ៦.៧%។ ចំណែកអូស្រ្តាលីនាំចូលកម្ពុជាវិញក្នុងតម្លៃ ៣៧លានដុល្លារអាមេរិក កើនឡើង៩.៤%៕​ អត្ថបទ៖​ពិសី