លុយបាតថៃ នៅតែជាមធ្យោបាយទូទាត់ទំនិញដ៏ពេញនិយម សម្រាប់ពលរដ្ឋខ្មែរនៅតាមព្រំដែន

សង្គម​និង​សេដ្ឋកិច្ច

មកទល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំប្រទល់ជាមួយប្រទេសថៃ បាននិងកំពុងបន្តធ្វើការជ្រើសរើសការទូទាត់ទំនិញធំៗជាលុយបាតថៃ ខណៈលុយរៀលសម្រាប់តែធ្វើការទូទាត់ខ្នាតតូចៗ។តួយ៉ាងពលរដ្ឋនៅខាងឃុំសឿ នៃខេត្តបន្ទាយមានជ័យលក់កសិផលរបស់ខ្លួនធ្វើការទូទាត់ជាលុយបាតថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទិត្យ រំផាត់ ប្រជាពលរដ្ឋម្នាក់រស់នៅឃុំសឿ ស្រុកអង្គបូរី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការទូទាត់មុខទំនិញធំគេគិតលុយប្រាក់បាតថៃ និងប្រាក់ដុល្លារអាមេរិក តែបើទិញម្ហូបអាហារឬការចំណាយតូចៗគេទូទាត់ជាលុយរៀល តួយ៉ាងទិញថ្នាំបាញ់ស្រូវយើងប្រើលុយរៀល។

លោកលើកឡើងថា «ការប្រើប្រាស់ប្រាក់បាតថៃ វាមានចំនួនតិចងាយស្រួលក្នុងការទុកដាក់។ចំណែកលុយរៀលខ្មែរវិញ វាមានចំនួនច្រើន។ជាក់ស្តែងម្សិលមិញ ខ្ញុំលក់ស្រូវប្រភេទOMចំនួនមួយតោន បានលុយបាតថៃ១ម៉ឺនបាត តែបើគិតជាលុយរៀលខ្មែរវិញបានជាង១លាន១៦ម៉ឺនរៀល»។

បើតាមអ្នកជំនាញហិរញ្ញវត្ថុ ការនិយមទូទាត់លុយបាតថៃនេះ មិនមែនមានតែនៅឃុំខាងលើនេះទេ ឱ្យតែខេត្តជាប់ព្រំប្រទល់ថៃ ភាគច្រើនធ្វើការទូទាត់លុយបាត ដោយសារការធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយថៃមានច្រើន។លើសពីនេះ សូម្បីតែនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការផ្តល់ប្រាក់កម្ចីក៏បញ្ចេញជាលុយបាតថៃដែរ។

លោក ង៉ែត ជូ បន្តថា «កាលណាយើងប្រើប្រាស់លុយបាតថៃច្រើនជាងលុយរៀល ជាទូទៅយើងបាត់បង់ភាពម្ចាស់ការ ហើយយើងពឹងផ្អែកទៅលើការឡើងចុះអត្រាលុយបាតលើទីផ្សារ ធ្វើឱ្យរាជរដ្ឋាភិបាលយើងពិបាកក្នុងការគ្រប់គ្រងគោលនយោបាយសាច់ប្រាក់»។

បើតាមអ្នកជំនាញហិរញ្ញវត្ថុខាងលើ នៅតាមព្រំដែន គឺមានការពិបាកធ្វើយ៉ាងណាឱ្យមានការផ្លាស់ប្តូរការទូទាត់ពីលុយបាតថៃ មកលុយរៀលឱ្យបានលឿនណាស់ ដោយសារឥទ្ធិពលពាណិជ្ជកម្មនេះវាធំជាងអ្វីៗទំាងអស់៕

អត្ថបទ៖សារេត