អ្នកនាំពាក្យ៖ ផលិតផលជលផលកម្ពុជា ចំនួន២មុខ បាននាំចេញទៅកាន់ទីផ្សារចិនជាលើកដំបូង

សង្គម​និង​សេដ្ឋកិច្ច

អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា មានផលិតផលផលទឹកសាបរបស់កម្ពុជា ចំនួន២មុខ គឺ កំពឹស និងអន្ទង់ ត្រូវបាននាំចេញត្រូវកាន់ទីផ្សារប្រទេសចិនជាលើកដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា អ៊ឹម រចនា បានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ថា ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ គឺជាជោគជ័យមួយជំហាន ហើយសរបញ្ជាក់ថា កម្ពុជានៅមានការងារច្រើនទៀតដែលត្រូវធ្វើ។

កញ្ញាបន្តថា៖«ក្រសួងសូមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន​ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវារីវប្បករ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ជាលើកដំបូង ​កាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣»។​

អ្នកនាំពាក្យខាងលើ បានបញ្ជាក់ដែរថា ការងារអាទិភាពដំបូង​ គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឱ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែកការងារបន្ទាប់ កញ្ញាថា គឺការជំរុញឱ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។

មន្រ្តីនាំពាក្យ កញ្ញាបន្តដែរថា៖«នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ចំណែកវារីវប្បករ​​ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើនផងដែរ»

សូមបញ្ជាក់ដែរថា ផលិតផលជលផលកម្ពុជា ចំនួន២មុខ គឺ កំពឹស និងអន្ទង់ ដែលបាននាំចេញទីកាន់ទីផ្សារចិនជាលើកដំបូងនាពេលនេះ គឺជាផលិតធម្មជាតិសុទ្ធសាធ។

តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងកសិកម្ម ក៏បានក្តីសង្ឃឹមយ៉ាងមុតមាំថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឱ្យកាន់តែមានការរីកចំរើនទៅមុខ​ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទ៖ ពិសី