មន្ត្រីជាន់ខ្ពស់កសិកម្មលើកទឹកចិត្តប្រជាសហគមន៍ក្នុងខេត្ត២ ធ្វើកសិកម្មបែបទំនើបដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់

សង្គម​និង​សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់ ដោយក្រសួងជាអ្នករកទីផ្សារជូនពួកគាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមក្រសួងកសិកម្មក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ឃឹម ហ្វីណង់ មានប្រសាសន៍ប្រាប់ប្រជាសហគមន៍សំបូរមានជ័យ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំថា ការធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេសមានសារៈសំខាន់។សហគមន៍កសិកម្មទំនើបតម្រូវឱ្យប្រជាកសិករចូលរួមផលិតរួមគ្នា គ្រប់គ្រងរួមគ្នា ដើម្បីងាយស្រួលផ្គត់ផ្គង់លើទីផ្សារ និងផ្តល់ផលចំណេញច្រើន។

លោក ឃឹម ហ្វីណង់លើកឡើងថា បើប្រជាសហគមន៍ដែលធ្វើកសិកម្មបែបទំនើប ហើយត្រូវការដើមទុនធ្វើអាជីវកម្ម ក្រសួងមានគម្រោងហិរញ្ញវត្ថុ ដែលផ្តល់ការគាំទ្រចាប់ពីការកសាងផែនការអាជីវកម្ម ការផ្តល់ប្រាក់កម្ចី ការគាំទ្រ ផ្តល់ជាអំណោយមូលធុន (បើគម្រោងវិនិយោគជាប់ នឹងទទួលបានអំណោយចំនួន៤០ភាគរយ នៃដើមទុនវិនិយោគសរុប និងជួយគាំទ្រស្វែងរកទីផ្សារជាដើម។

ចំពោះដើមទុនវិនិយោគនេះ  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុសារណៈយោគយល់គ្នាមួយជាមួយធនាគារវីង ដោយធនាគារវីងបានតម្កល់លុយ៥លានដុល្លារ ទុកនៅក្រសួង សម្រាប់ផ្តល់កម្ចីជូនប្រជាសហគមន៍ និងកសិករ ក្នុងអត្រាការប្រាក់ទាប ចន្លោះពី៧ ទៅ៨% ក្នុងមួយឆ្នាំ ហើយកម្ចីនេះ មិនតម្រូវឱ្យដាក់វត្ថុបញ្ចាំអ្វីនោះទេ។

គួរបញ្ជាក់ផងដែរ ថានៅក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញ ដើម្បីដោះស្រាយបញ្ហាប្រឈម មានដូចជា៖ ១)- លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារនិងរក្សាលំនឹងថ្លសកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន១០០ លានដុល្លារអាមេរិក ដែលនឹងសម្រួលដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងធានាតុល្យភាពនៃការផ្គត់ផ្គង់និងតម្រូវការ និងដើម្បីគំាំទ្រដល់ការផលិតរបស់កសិករ ក៏ដូចជាតម្រូវការស្បៀងអាហាររបស់ប្រជាពលរដ្ឋកម្ពុជា។ ២)- ការដាក់ពង្រាយមន្ត្រីកសិកម្ម ឃុំសង្កាត់ ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនិងកង្វះបច្ចេកទេសរបស់កសិករ និងសហគមន៍នៅមូលដ្ឋាន ជួយតម្រង់ទិសដល់កសិករក្នុងការដំាដុះផលិតផលនិងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារជូនកសិករពេលប្រមូលផល។ ៣)-អភិវឌ្ឍន៍សហគមន៍ទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈម នៅក្នុងផលិតកម្មកសិកម្ម ប្រកបដោយប្រសិទ្ធភាព  និងមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈការប្រមូលផ្តុំការប្រើប្រាស់ដី ផលិតកម្មក្នុងទំហំមួយសមសម្របដល់ការប្រើប្រាស់មធ្យោបាយទំនើប កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនផលិតភាព បង្កើនផលចំណេញ កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនផលិតភាព បង្កើនប្រាក់ចំណេញ និងបែងចែកផលលាភជូនកសិករប្រកបដោយតម្លាភាពនិងសមធម៌។

ក្នុងការរៀបចំសហគមន៍កសិកម្មទំនើបនេះ មន្ត្រីកសិកម្មឃុំ សង្កាត់នឹងក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងការគំាំទ្រដល់ការកសាង និងទ្រទ្រង់ដំណើរការរបស់សហគមន៍។ បន្ថែមពីនេះ ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងមូលនិធិសហគមន៍កសិកម្មដែលដឹកនាំដោយរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងត្រូវបង្កើតឡើងដើម្បីគំាំទ្រដល់សហគមន៍កសិកម្មទំនើប ទំាងផ្នែកនយោបាយ និងហិរញ្ញវត្ថុ សំដៅធានានិរន្តរភាពនៃសហគមន៍កសិកម្មទំនើប និងបង្កើនភាពប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ៕តាកែវ