សម្ដេចធិបតី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ប្រធានាធិបតីចិន ដើម្បីពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងចូលជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងប្រធានាធិបតីចិន ឯកឧត្ដម ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន។

តាមការបញ្ជាក់របស់ក្រសួងការបរទេស គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជើញអមដំណើរសម្ដេចធិបតី រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា នៅក្នុងដំណើរអញ្ជើញទៅប្រទេសចិននេះ សម្ដេចធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងមូលបទនៃកិច្ចប្រជុំកំពូល «ការអនុវត្តពហុភាគីនិយម ការធានានូវសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតី នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។ សម្តេចធិបតី ក៏នឹងរំពឹងជួបជាមួយថ្នាក់ដឹកនាំបរទេសមួយចំនួន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ៕