ក្រសួងកសិកម្ម ស្នើឱ្យម្ចាស់ចម្ការ និងរោងចក្រកែច្នៃផ្លែដូង មកចុះបញ្ជីសម្រាប់នាំចេញទៅកាន់ទីផ្សារចិន

សង្គម​និង​សេដ្ឋកិច្ច

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្ពុជា-ចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញាបានប្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។  

អ្នកនាំពាក្យខាងលើ បានឱ្យដឹងថា៖« បើតាមលោកជំទាវអ្នកនាំពាក្យ នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន»។

ទន្ទឹមគ្នានេះដែរ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

លើសពីនេះទៀត អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន៕ អត្ថបទ៖ ពិសី