ពន្ធដារ សម្រេចលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះពន្ធចំនួនពីរប្រភេទ រហូតដល់ដំណាច់ឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យ ម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយផ្ដល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល ចំពោះពន្ធចំនួនពីរប្រភេទ គឺពន្ធបន្ថែម និងការប្រាក់ រហូតដល់ដំណាច់ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការលើកលែងនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្តានុពល។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធ ក៏បានជូនម្ចាស់អលនទ្រព្យទាំងអស់ដែលកន្លងមកមិនទាន់បានចុះបញ្ជីនិង ប្រការរបង់ពន្ធ ឬប្រព័ន្ធខ្វះ ឬបង់ពន្ធយឺត មេត្តាជ្រាបថា៖« ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យ ម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយផ្ដល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធ ទាំងពីរប្រភេទនេះរហូតដល់ដំណាច់ឆ្នាំ២០២៣»។

អគ្គនាយកដ្ឋានពន្ធដារ បានបន្តថា ក្នុងន័យនេះ ម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាសបង់ពន្ធលើ អចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣។ ចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណី ម្ចាស់អចលនទ្រព្យ មិនបានបំពេញកាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើ ត្រូវអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចនោះទេ។

យ៉ាងណាមិញ អង្គនាយកដ្ឋានពន្ធដារ ក៏សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន៕

អត្ថបទ៖ ពិសី