សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយលោក KOMURA Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី នាវិមានសន្តិភាព កាលពីថ្ងៃអង្គារ៍
ទី២៤តុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះជំនួបនោះលោក KOMURA Masahiko គូសបញ្ជាក់ថា ធៀបនឹងកម្ពុជា ដែលធ្លាប់បានស្គាល់កាលពីពេលមុនលោកបានសម្តែងនូវកោតសរសើរប្រកបដោយក្តីរំភើបរីករាយ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងខ្លាំងក្លារបស់កម្ពុជា ដោយសារការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ។

នៅក្នុងជំនួបដដែលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចឡើងថា ការប្រារព្ធខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-ជប៉ុន នៅក្នុងឆ្នាំ២០២៣នេះ នឹងមានការរៀបចំសកម្មភាពអបអរសាទរជាច្រើន។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមកនៅក្នុងគ្រប់កាលៈទេសៈ រាប់តាំងពីសម័យកាលក្រោយបញ្ចប់សង្គ្រាម រហូតមានការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃនេះ ។

ចំពោះអនាគតទៅមុខ, សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់អំពីភាពមិនប្រែប្រួលនៃគោលនយោបាយការបរទេសរបស់កម្ពុជា ជាពិសេសក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដោយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យទេសចរណ៍, វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។

សូមជម្រាបជូនថា ឆ្លៀតក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញាកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក គីស៊ីដា ហ្វឺមីអុ (KISHIDA Fumio ) នាយករដ្ឋមន្ត្រីជប៉ុន បានជួបស្វាគមន៍ និងជជែកគ្នាផងដែរ។ សូមបញ្ជាក់ថា សម្តេចកាលនៅជាមេបញ្ជាការកងទ័ពជើងគោក ធ្លាប់បានជួបជជែកការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ ក្នុងពេលបំពេញទស្សនកិច្ចនៅជប៉ុន៕