តើសម្តេចធិបតី ហ៊ុន ម៉ាណែត និងកូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជជែករឿងអ្វីខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យកូនស្រីពៅអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃប្រទេសថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៧។ លោកស្រីក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ។ ទន្ទឹមនឹងនេះ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកស្រីក៏បានសម្តែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកស្រីបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត និងត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេងៗទៀត រួមទាំង ការលើកកម្ពស់តួនាទីរបស់ស្រ្តី ។

ក្នុងនៅជំនួបនាពេលនេះ សម្តេចធិបតី បានស្វាគមន៍ចំពោះលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានអបអរសាទរជូនលោកស្រីដែលត្រូវបានតែងតាំងជាប្រធានគណបក្សភឿថៃ ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានជម្រាបជូនអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីទៅកាន់ព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ កន្លងទៅ ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការងារ ជាដើម៕