ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយានយន្ត រួមគ្នាលើកកម្ពស់វិស័យការងារនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញចក្ខុវិស័យរួម រវាងវិស័យរដ្ឋ និងឯកជន ក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញចក្ខុវិស័យរួមនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងជំនួបនោះ លោក ហេង សួរ បានលើកឡើងពីចក្ខុវិស័យរួមរបស់ក្រសួងក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងវិស័យស្នូលទាំង៣នេះ ដែលជាការគិតគូយ៉ាងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះ។

ក្នុងឱកាសនោះ លោក ក៏បានបង្ហាញពីគោលបំណងកម្មវិធីថ្នាក់ជាតិរបស់សម្តេចធិបតី ក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលនឹងប្រកាសនៅខែវិច្ឆិកាខាងមុខនេះ ដើម្បីឱ្យក្រុមគោលដៅទាំងអស់ មានជំនាញ និងទទួលបានការងារឆាប់រហ័ស និងសមរម្យ ហើយសម្បូណ៌បែបក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្នផងដែរ។លើសពីនោះ កម្មវិធីនេះ នឹងកែប្រែកម្ពុជាពីអតិពលកម្មទៅជាកម្លាំងពលកម្មដែលមានជំនាញជាក់លាក់និងច្បាស់លាស់ដើម្បីធានាការប្រកួតប្រជែងផង និងការទាក់ទាញវិនិយោគថ្មីៗបន្ថែមផងសម្រាប់បង្កើនឱកាសការងារជូនពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានស្នើឱ្យសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបន្តចូលរួមជាមួយរដ្ឋាភិបាលឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនូវការអនុវត្តកាតព្វកិច្ចការហ្វឹកហ្វឺនកូនជាងរបស់ក្រុមហ៊ុននីមួយៗដែលនឹងផ្តល់បទពិសោធន៍ ចំណេះដឹង និងឱកាសការងារដល់សិក្ខាកាមដែលភាគច្រើនបានសិក្សានៅសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ជាការឆ្លើយតប គណៈប្រតិភូសហព័ន្ធយានយន្ត បានលើកឡើងពីវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃការបោះទុនវិនិយោគរបស់សមាជិកសហព័ន្ធនីមួយៗ ដែលក្រុមហ៊ុនខ្លះបានផ្តើមវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ហើយបានពង្រីកទំហំវិនិយោគរាប់លានដុល្លារដែលបានបង្កើតឱកាសការងារសម្រាប់ពលរដ្ឋក្នុងប្រទេស។ចំណែកការបណ្តុះបណ្តាលកូនជាងដែលក្រុមហ៊ុនខ្លួនបានអនុវត្ត ក៏បានបង្ហាញពីការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ៕