ការនាំចេញដំឡូងមីទៅក្រៅប្រទេស មានជាង២លានតោនក្នុងរយៈពេល១០ខែ ឆ្នំានេះ

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេល១០ខែក្នុងឆ្នំា២០២៣នេះ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា ការនាំចេញដំឡូងស្រស់ ម្ស៉ៅដំឡូងមី កាកសំណល់ដំឡូងមី និងចំណិតដំឡូងមីក្រៀម សរុបមានជាង២លានតោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍បញ្ជាក់ថា “នៅក្នុងរយៈពេល១០ខែនេះ សម្រាប់ដំឡូងមីស្រស់នាំចេញបានជាង ១,២លានតោន ថយចុះ៧%, ម្ស៉ៅដំឡូងមី មានជាង២,៧ម៉ឺនតោនថយចុះ ៤៧%, កាកសំណល់ដំឡូងមីមានជាង៦,៥ម៉ឺនតោនកើនឡើងជាង៥០០% និងចំណិតដំឡូងមីក្រៀមមានជាង១លានតោន ធ្លាក់ចុះ៣៩% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២”។

ទាក់ទងនិងដំឡូងមីនេះ បើយោងតាមអនុប្រធានសមាគម កសិករដំឡូងមីខ្មែរ មើលឃើញថាដំឡូងមីដែលកសិករដំាដុះនិងប្រមូលផលបានក្នុងមួយឆ្នំាៗភាគច្រើននាំចេញទៅក្រៅមានរហូតដល់៧០ទៅ៨០% ទៅប្រទេសវៀតណាម និងនាំចេញទៅប្រទេសថៃ។តែទោះជាយ៉ាងនេះក្តីដំឡូងមីនៅឆ្នំានេះកសិករអាចលក់បានថ្លៃជាងឆ្នំាមុនៗ។

លោក ឈៀង សុវណ្ណនី

លោក ឈៀង សុវណ្ណនី បញ្ជាក់ថា “ក្នុងឆ្នំា២០២៣នេះ គឺជាឆ្នំាដែលដំឡូងមីលក់បានថ្លៃ តួយ៉ាងកាលពីចុងខែសីហា លោកអាចលក់បាន៤០០រៀលសម្រាប់ដំឡូងមីស្រស់ឬសើម និងដំឡូងមីស្ងួតលក់បានថ្លៃ៩០០រៀលក្នុងមួយគីឡូក្រាម បើប្រៀបធៀបពេលដូចគ្នាឆ្នំា២០២២ដំឡូងមីស្រស់លក់បានថ្លៃជាង៣០០រៀលនិងដំឡូងមីស្ងួតលក់បានថ្លៃ៨៥០រៀលក្នុងមួយគីឡូក្រាម”។

យោងតាម លោក វ៉ារុត សាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកន្លងទៅថ្មីៗនេះបានឱ្យដឹងថា កម្ពុជាបានចាត់ទុក ដំឡូងមីជាដំណាំសក្តានុពលសំខាន់ទីពីរបន្ទាប់ពីស្រូវ សម្រាប់កសិករដែលមានធនធានតិចតួច និងកសិករខ្នាតតូច ដើម្បីកែលម្អជីវភាពរបស់ពួកគាត់ និងជាមូលដ្ឋានគ្រឹះមួយសម្រាប់ការអភិវឌ្ឍកសិ-ឧស្សាហកម្ម នៅកម្ពុជា។

លោកបន្តថា ប្រជាជនច្រើនជាង៩ម៉ឺនគ្រួសារ រស់នៅក្នុងខេត្តចំនួន១៣កំពុងប្រកបរបរដំាដុះដំឡូងមីនិងមានពលករជាច្រើនកំពុងបម្រើការនៅក្នុងវិស័យនេះ។ខណៈផ្ទៃដីដំាដុះមានជាង៧២ម៉ឺនហិកតា ដែលអាចផ្តល់ទិន្នផលសរុបប្រមាណ១៥លានតោនក្នុងមួយឆ្នំា។

បើតាមមន្ត្រីក្រសួងពាណិជ្ជកម្មខាងលើ តាមរយៈការចង្អុលបង្ហាញរបស់គោលនយោបាយជាតិស្តីពីដំឡូងមីឆ្នំា២០២០ -២០២៥ ក្រសួងពាណិជ្ជកម្ម ត្រូវរួមសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា បង្កើតសហព័ន្ធដំឡូងមី កម្ពុជា ដែលជាតំណាងស្របច្បាប់ទូទំាងប្រទេសរបស់វិស័យឯកជនពាក់ព័ន្ធក្នុងខ្សែច្រវាក់ ផលិតកម្មដំឡូងមី ។ក្នុងន័យនេះក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នឹងរួមសហការជាមួយអង្គការ និងដៃគូរអភិវឌ្ឍន៍នានាបង្កើតសហព័ន្ធដំឡូងមីកម្ពុជា និងចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅក្នុងឆ្នំា២០២៤ខាងមុខ៕ អត្ថបទ៖ សារេត