រយៈពេល១ឆ្នាំ មានយានយន្តប្រមាណជាង៤លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេលមួយឆ្នាំមកនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វើដំណើរប្រមាណជាង៤លានគ្រឿង។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកនូវបទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរជូន ដល់បងប្អូនប្រជាពលរដ្ឋ។ ពិសេស ផ្លូវមួយខ្សែនេះ បានចូលរួមសម្រួលដល់ការ ដឹកជញ្ជូនទំនិញរវាង ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន។

បើតាមក្រសួងសាធារណការ ជាក់ស្តែង«ក្នុងរយៈពេល ១ឆ្នាំនេះ មានយានយន្តសរុបប្រមាណ ៤ ៦៧៩ ២២២ គ្រឿង បានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ»។

គួររម្លឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលសម្ពោធកាល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ផ្លូវល្បឿនលឿននេះ ត្រូវបានធ្វើពិធីអបអរសាទរខួប ១ឆ្នាំ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្ថានីយបង់ប្រាក់ទី១ “ភ្នំពេញ” ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕