សម្តេចធិបតី ហ៊ុន​​ ម៉ាណែត ប្រកាសថា កងទ័ព នឹងបន្តប្តូរផ្តាច់ឥតងាករេដើម្បីការពារទឹកដី,អង្គព្រះមហាក្សត្រ,រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី៩​ខែវិច្ឆិកានេះ កម្ពុជាបានរៀបចំពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ នៅវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីភាពព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ និងមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឪកាសនោះសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តី បានអមព្រះរាជដំណើរព្រះមហាក្សត្រ ស្តេចយាងអញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទីងមហាជន នាឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣) នៅព្រះពន្លាទីនាំងចន្ទឆាយាមុខព្រះបរមរាជវាំង និងព្រះប្រទានភ្លើងជ័យ នៅវិមានឯករាជ្យ។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

នៅចំពោះព្រះភ័ក្ដ្រ ព្រះមហាក្សត្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថាក្នុងខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ, នាយទាហាន និងពលទាហានគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ នឹងបន្តប្តូរផ្តាច់ឥតងាករេ ក្នុងការធ្វើពលិកម្មបូជាសាច់ស្រស់, ឈាមស្រស់ ដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត ផ្អែកតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្តេចធិបតីមានប្រសាសន៍ថា៖ «កងយោធពលខេមរភូមិន្ទ ក៏នឹងបន្តជ្រោងទង់ជាតិខ្មែរ ឲ្យបានល្បីរន្ទឺពាសពេញពិភពលោក តាមរយៈការចូលរួមជា «កម្លាំងនៃសន្តិភាព» នៅបណ្តាប្រទេសជាច្រើន ក្នុងនាមជាវីរកុលបុត្រខ្មែរ ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាកងកម្លាំង ដែលមានវិន័យ មានមនសិការវិជ្ជាជីវៈខ្ពស់ និងមានសេចក្តីថ្លៃថ្នូរ»។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបន្ដថា ប្រជាពលរដ្ឋគ្រប់រូបក៏មិនអាចបំភ្លេចបាននូវពលិកម្មដ៏ធំធេងរបស់នាយនគរបាល និងពលនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញបេសកកម្ម ដើម្បីការពារជាតិ, មាតុភូមិ, សន្តិសុខផ្ទៃក្នុងប្រទេស និងរក្សាសណ្ដាប់ធ្នាប់សង្គម ហើយតែងតែផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្នុងនាមជាកងកម្លាំងដែលស្ថិតនៅជិត នៅជាប់នឹងប្រជាជន និងទទួលបានសេចក្ដីស្រលាញ់ពីប្រជាជន។

សម្ដេចធិបតីគូសបញ្ជាក់ថា លើសពីនេះ ពិតជាមិនអាចបំភ្លេចបានឡើយ នូវការចូលរួមចំណែកដ៏ធំធេងរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ នាពេលកន្លងមក៕