បណ្ឌិត ហោ សេរីវឌ្ឍន៍ បង្ហាញសមិទ្ធិផលធំៗ ៣ ក្រោយបញ្ចប់បេសកកម្ម ដឹកនាំប្រតិភូ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ ៩០រូប ទស្សនកិច្ច និងស្វែងរកឱកាសវិនិយោគ នៅសហរដ្ឋអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

លោក​បណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធាន​សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំ សន្និសីទកាសែតដ៏មានសារៈសំខាន់មួយ ជុំវិញសមិទ្ធិផលដែលសម្រេចបាន គួរជាទីមោទន ក្រោយ​​បាន​​ដឹក​នាំ​​ប្រតិភូ​សមាគម​រៀបចំបេសកកម្ម​ “ទស្សនកិច្ចគណៈប្រតិភូធុរកិច្ច និងវិនិយោគិន​កម្ពុជា​ទៅសហរដ្ឋអាមេរិក” ដែលបានធ្វើឡើងកាល​ពី​ថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសីទកាសែតនេះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានគូសបញ្ជាក់នូវសមិទ្ធិផលធំៗ ចំនួន៣ ដែលសម្រេចបាន ក្រោយបញ្ចប់បេសកកម្ម ដឹកនាំប្រតិភូ និងធុរជនកម្ពុជា ស្វែងរកឱកាសវិនិយោគ ជាមួយសហគ្រិននៅសហរដ្ឋអាមេរិក រួមមាន៖
១. មានការចូលរួមពីអ្នកទស្សនា​លើសពី ៥០០នាក់ ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជា និងសន្និសីទធុរកិច្ច ជាមួយ​នឹងក្រុមហ៊ុនដាក់តាំងផលិតផលជាង ៥០ស្តង់ ដែលមានអាជីវកម្ម និងផលិតផលផ្សេងៗដូចជា ផ្លែឈើ​ស្រស់ និងកែច្នៃ ស្វាយចន្ទី គ្រឿងទេស គ្រឿងសម្អាង គ្រឿងតំហែទាំខ្លួនប្រាណ ទឹកមាត់ត្រចៀកកាំ និង​ប្រតិបត្តិករក្នុងសេវាភស្តុភារកម្ម ។ ដោយឡែក ផលិតផលជាច្រើនដែលបានដាក់តាំងបង្ហាញ ត្រូវបានលក់​ចេញ​ស្ទើរតែទាំងអស់នៅអំឡុង និងបន្ទាប់ពីព្រឹត្តិការណ៍ពិព័រណ៍ត្រូវបានបញ្ចប់។

២. ផ្សារទំនើបអាស៊ីមួយដែលមានឈ្មោះថា ហ្ស៊ួនហ្វា (Shun Fat Supermarket) មានសាខាចំនួន២៦ នៅរដ្ឋកាលីហ្វ័រញ៉ា ណេវ៉ាដា និងតិចសាស់ បានបង្ហាញចំណាប់អារម្មណ៍ និងជំហរយ៉ាងច្បាស់លាស់​ក្នុងការ​ទទួលផលិតផលកសិកម្មកែច្នៃ និងផលិតផលចំណីអាហារពីកម្ពុជាតាមរយៈការរៀបចំរបស់សមាគម IDI។

៣. ប្រតិភូមួយចំនួន បានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ ក្នុងការបញ្ចូលដើមទុនបន្ថែម​ដើម្បីវិនិយោគក្នុងការ​ធ្វើឲ្យ​ប្រសើរឡើងនូវសមត្ថភាពនាំចេញរបស់ខ្លួន ដូចជាការធ្វើពិពធកម្មលើផលិតផលផ្លែស្វាយ និងមៀន ការ​បង្កើតសេវាកម្មឃ្លាំងស្តុក ការកែលម្អផលិតផលគ្រឿងសំអាង និងតំហែទាំខ្លួនប្រាណ និងការកែច្នៃផ្លែឈើ​សម្ងួត។ល។

ក្រៅពីធ្វើបច្ចុប្បន្នភាព សមិទ្ធិផលដែលសម្រេចធំៗ ទាំង៣ នេះ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ ចុះអនុស្សរណយោគយល់ភាពជាដៃគូ និងសមាជិក ជាមួយ សមាគមពាណិជ្ជកម្មដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលសុី និងក្រុមហ៊ុន ស្ត្រេធឹជីក រៀលធី អ៉ិនវេសម៉ិន ឯ.ក ផងដែរ។

ដំណើរ​ទស្សនកិច្ចប្រកបដោយផ្លែផ្កា ក្នុងក្របខណ្ឌធុរកិច្ច ទៅក្រៅប្រទេស​នេះ ​ធ្វើ​ឡើង​ក្រោមកិច្ចសហការជាមួយ​សភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា (CamCham), ក្រុមហ៊ុន អាយឌី ឃែភីថល (IDC), សហគ្រិនខ្មែរ (KE), និងសភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំកម្ពុជា (AmCham) រួមទាំង សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដោយ​មាន​ គណៈប្រតិភូកម្ពុជា​ចំនួន​ជាង ៩០នាក់ចូលរួម។ ព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗ ពេលគណៈប្រតិភូ និងសហគ្រិនកម្ពុជា នៅទឹកដីសហរដ្ឋអាមេរិក នាពេលនោះ រួមមាន៖ ពិព័រណ៍​ពាណិជ្ជកម្ម និងសន្និសីទ ធុរកិច្ច ពិធីអបអរសាទរខួបទី៧០នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ទស្សនកិច្ចកំពង់ផែ​នៃទីក្រុងឡុងប៊ិច ទស្សនកិច្ចនៅផ្សារទំនើបអាស៊ី សិក្ខាសាលាអប់រំស្តីពីតម្រូវការសំខាន់ៗ និងបែបបទពាក់ព័ន្ធ​ក្នុងការនាំផលិតផលកសិកម្ម និងចំណីអាហារទៅកាន់សហរដ្ឋអាមេរិក។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC បានមាន​ប្រសាសន៍​ថា៖ “តាម រយៈការប្តេជ្ញាចិត្តក្នុងការគាំទ្រយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធក្នុង​ការជំរុញ​ការនាំចេញកសិផល និងផលិតផលចំណីអាហារ សមាគម IDI បានរៀបចំដំណើរទស្សនកិច្ចនេះឡើង ដើម្បី​បង្កើតឱកាសជួបអ្នកបញ្ជាទិញ, បង្កើនការយល់ដឹង និងបទពិសោធន៍ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម​អំពីតម្រូវការមូលដ្ឋាន និងលក្ខខណ្ឌកត្តិយុត្តពាក់ព័ន្ទនឹងការនាំចេញ ក៏ដូចជាស្តង់ដារនៃការផលិត ស្តង់ដារ​អនាម័យ និងការវេចខ្ចប់ផលិតផលចំណីអាហារ សំដៅជំរុញការនាំចេញទៅសហរដ្ឋអាមេរិក”។

ឆ្លៀតក្នុងអំឡុងទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនោះដែរ សមាគម IDI ក៏បានបង្កើតកិច្ចសហការតាមរយៈការ​ចុះអនុស្សរណៈនៃការ​យោគ​យល់​គ្នា (MoU) ជាមួយស្ថាប័នដៃគូយុទ្ធសាស្រ្តចំនួន៤ រួមមាន៖ សភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា (CamCham), ក្រុមហ៊ុន Binex Line Corp (Binex), ក្រុមហ៊ុន Innovative Medical Design Inc (IMD) និងក្រុមហ៊ុន Summa Franchise Consulting (Summa)។ តាមអនុស្សរណៈនៃការយោគយល់គ្នានេះ នឹង​អនុញ្ញាត​ឲ្យដៃគូទាំងអស់សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតច្រកពាណិជ្ជកម្មនវានុវត្តន៍ថ្មី​មួយសម្រាប់​តភ្ជាប់​ទីផ្សារកម្ពុជា និងសហរដ្ឋអាមេរិកតាមរយៈ “កម្មវិធីច្រកពាណិជ្ជកម្មអន្តរជាតិតែមួយ”។

គួរបញ្ជាក់ថា សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ត្រូវបានបង្កើតឡើងដោយវិនិយោគិនកម្ពុជាចំនួន ១០១ នាក់ មកពីវិស័យជាច្រើន ដែលនាំមកនូវពហុជំនាញ ចំណេះដឹង និងបទពិសោធន៍ក្នុងប្រតិបត្តិការ​នៅក្នុងទីផ្សារ​កម្ពុជា។ ចក្ខុវិស័យចម្បងរបស់សមាគម IDI គឺដើម្បីជំរុញសកម្មភាព និងបង្កើតនូវបរិយាកាសវិនិយោគ​ដ៏ល្អ​ប្រសើរមួយ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាតាម រយៈភាពជា​ដៃគូប្រកបដោយភាពច្នៃប្រឌិត និងការគាំទ្រផ្នែកធុរកិច្ចសម្រាប់វិនិយោគិន ដៃគូអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម៕