១០ខែមកនេះ ថ្នាក់ជាតិប្រមូលចំណូលបានជាង ៤៩០០លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល១០ខែ ឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបាន ២០ ១៦០ ប៊ីលានរៀល (ប្រមាណជាង ៤៩០០លានដុល្លារ) ស្មើនឹង៧៧.៨៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបានប្រមាណ ២០ ១៦០ ប៊ីលានរៀល ស្មើនឹង៧៧.៨៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ខណៈដែលការអនុវត្តចំណាយសរុបថ្នាក់ជាតិ សម្រេចបាន ២៦ ០៤២ ប៊ីលានរៀល (ប្រមាណ ៦៣៥០លានដុល្លារ) ស្មើនឹង ៧៤.៩៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ជាលទ្ធផល ការអនុវត្តថវិកាថ្នាក់ជាតិ មានឱនភាពសរុប ៥ ៨៨១ ប៊ីលានរៀល (ប្រមាណ១៤០០លានដុល្លារ)។

របាយការណ៍ដដែលបន្តថា ការអនុវត្តចំណូលក្នុងប្រទេសសរុបនៅថ្នាក់ជាតិ សម្រេចបាន ២០១៦០ ប៊ីលានរៀល ស្មើនឹង ៧៧, ៨៥% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ មានភាពប្រហាក់ប្រហែលគ្នា គឺថយចុះ ២,០២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងនោះ ចំណូលសារពើពន្ធ សម្រេចបាន ១៨ ១៤១ ប៊ីលានរៀល ស្មើនឹង ៧៧,៤៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ថយចុះ ៤,២០% និងចំណូលមិនមែន សារពើពន្ធសម្រេចបាន ១ ៩៨៦ ប៊ីលានរៀល ស្មើនឹង ៩២, ៧២% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ កើនឡើង ២៤,០៨%។ ផ្អែកលើ និន្នាការនៃការអនុវត្តចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួបផ្សំនឹងការងើបឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា, ការប្រមូលចំណូលស្ថិតក្នុងគន្លង (on-track) ឈានទៅរកការសម្រេចបាន តាមផែនការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។

ចំណែកការអនុវត្តចំណាយសរុបថ្នាក់ជាតិ សម្រេចបាន ២៦ ០៤២ ប៊ីលានរៀល ស្មើនឹង ៧៤,៩៥% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ កើនឡើង ១៩, ៤៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងនោះ ចំណាយមូលឥន សម្រេចបាន ៨ ៩២៧ ប៊ីលានរៀល កើនឡើង ១២,៣២% និងចំណាយចរន្ត សម្រេចបាន ១៧ ១១៥ ប៊ីលានរៀល កើនឡើង ២៣, ៦០%។ ជារួម ការអនុវត្តចំណ នុវត្តចំណាយតិនៅបន្តរក្សានូវគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់អនុវត្តឱ្យចំមុខសញ្ញា ប្រកបដោយបុរេសកម្ម។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បន្តរក្សាភាពប្រយ័ត្នប្រយែងខ្ពស់នៅក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិ ប្រកបដោយប្រសិទ្ធភាពបំផុត និងផ្តល់លទ្ធភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា៕