មេដឹកនាំប្រទេសអាស៊ានប៉ុន្មានរូប ត្រូវបានស្រ្តីទី១អមដំណើរចូលរួមពិធីជប់លៀងស្វាគមន៍ពីនាយករដ្ឋមន្ត្រីជប៉ុន

សង្គម​និង​សេដ្ឋកិច្ច

លោក គីស៊ីដា ហ៊្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន និងលោកជំទាវ យូកូ គីស៊ីដា (Yuko Kishida) បានរៀបចំពិធីជប់លៀងសា្វគមន៍ជូនប្រមុខរដ្ឋនិងមេដឹកនាំប្រទេសអាស៊ាន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអានុស្សាវរីយ៍លើកទី៥០ អាស៊ាន-ជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីជប់លៀងសាយភោជន៍ពីនាយករដ្ឋមន្រ្តីជប៉ុនសម្រាប់ស្វាគមន៍វត្តមានប្រមុខរដ្ឋ និងមេដឹកនាំប្រទេសអាស៊ាន នាពេលនេះសង្កេតឃើញមានឥស្សរជនមួយចំនួនត្រូវបានអមដំណើរដោយស្រ្តីទី១ (ភរិយា) ចូលរួមក្នុងពិធីដ៏ឱឡារិកនេះ រួមទាំងរៀបចំការថតរូបអនុស្សាវរីយ៍ជុំគ្នាផងដែរ។

មេដឹកនាំប្រទេសអាស៊ានចំនួន ៥ដែលអមដំណើរដោយស្រ្តីទី១ រួមមាន៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងលោកស្រី Ho Ching, ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. និងលោកស្រី Liza Araneta Marcos, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងលោកស្រី Datuk Seri Dr Wan Azizah Wan Ismail, នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន និងលោកស្រី Vandara Siphandone ។

ចំណែក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh, នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin, ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ គឺត្រូវបាននាំយកភរិយាទៅចូលរួមឡើយ ខណៈនាយករដ្ឋមន្ត្រីប្រ៊ុយណេ ស្ដេចស៊ុលតង់ Hassanal Bolkiah ត្រូវបានអមព្រះរាជដំណើរដោយព្រះរាជបុត្រ ព្រះអង្គម្ចាស់ Abdul Mateen ។

ដោយឡែកសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានវិបត្តិសង្គ្រាមស៊ីវិល គឺមិនទទួលបានការអញ្ជើញចូលរួមឡើយ ខណៈប្រទេសទីម័រខាងកើតចូលរួមក្នុងនាមជាអ្នកសង្កេត ក៏មិនត្រូវបានអមដំណើរដោយស្រ្តីទី១នោះដែរ។

សូមជម្រាបថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ អាស៊ាន-ជប៉ុន ធ្វើឡើងរយៈពេលពីថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្បូ ប្រទេសជប៉ុន៕