លោក ប៉េង ពោធិ៍នា៖ រយៈពេល ១១ខែ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាង ៧លានតោន កើនឡើងជាង១១ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ បរិមាណទំនិញដែលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានប្រមាណជាង ៧លានតោន កើនឡើងជាង១១ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ នៅកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកគាំទ្រដល់ការរីកចម្រើននិងការអភិវឌ្ឍន៍របស់ប្រទេសជាតិ បើយើងពិនិត្យមើលបរិមាណទំនិញឆ្លងកាត់នៅកំពង់ផែនេះគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។

លោកបន្តថា ជាក់ស្តែងក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួន​ជាង ៧លានតោន កើនឡើង ១១,៣៤ភាគរយ និងចំណូលអាជីវកម្មសរុបមាន​ចំនួនជាង ៨៥លានដុល្លារ កើនឡើង ២,៧១ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ២០២២។

បន្ថែមពីនោះ បរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺនTEUs ដោយមានកំណើនជាមធ្យម ១០,៨៣ភាគរយ ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២។

លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការណ៍នេះហើយបានចូលរួមចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយ ប្រកបដោយចីរភាពក្នុងរយៈពេល២ទសវត្សចុងក្រោយមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងវិបត្តិសង្រ្គាមរុស្សី អ៊ុយក្រែន និងក្រោយមកក៏នៅបន្តមានកំណើនក្នុងអត្រា៥,៦ភាគរយ ក្នុងឆ្នាំ២០២៣ និង៦,៦ភាគរយ ក្នុងឆ្នាំ២០២៤៕