លោក គង់ វិបុល ប្រកាសដាក់ពង្រាយមន្រ្តីចុះត្រួតពិនិត្យនិងឃាត់រថយន្តដែលមិនទាន់បង់ពន្ធនៅតាមដងផ្លូវ

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមដាក់ពង្រាយមន្រ្តីធ្វើការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ នៅតាមកំណាត់ផ្លូវសំខាន់ៗនៃរាជធានីខេត្តចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារកាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្រុមការងារចម្រុះ រាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ 

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងករណីម្ចាស់ យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំ ឆ្នាំ២០២៣ រួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែម ចំពោះការយឺតយ៉ាវ ក្នុងការប្រកាសបង់ពន្ធតាមច្បាប់ជាធរមាន។ 

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារក៏បានបង្ហាញក្តីសង្ឃឹមថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចសារពើពន្ធ ដោយរួសរាន់ទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីចៀសវាងក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវ តម្រូវឲ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរ ដែលអាចកើតមាននូវបាតុភាពអស់កម្ម ដោយប្រការណាមួយជាយថាហេតុ។

សូមជម្រាបជូនថា អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង ៣ពាន់៥រយលានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ ដែលមានការកើនឡើងជាង២៦% បើធៀបនឹងឆ្នាំ២០២២។ ខណៈនៅក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានប្រមាណជាង ៤ពាន់លានដុល្លារ។

ជម្រាបជូនបន្ថែមថា កាលពីឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ទទួលបានចំណូលជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង១២៣% នៃផែនការ៕