សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ មានការកើនឡើងប្រមាណ៥០ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ស្ថានភាពជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺមានការកើនឡើងប្រមាណជាង ៥០ ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺជាមូលដ្ឋានសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាដើរទៅមុខរយៈពេល១០ទៀត។ដោយក្របខណ្ឌគោលនយោបាយ គឺផ្អែកលើបច្ចុប្បន្នភាពជាក់ស្ដែងនៅលើដី។ការណ៍នេះហើយជាការផ្អែកទៅលើទិន្នន័យជាក់ស្ដែង និងក្របខណ្ឌគោលនយោបាយជាក់លាក់។

បន្ថែមពីនោះ កម្ពុជាអាចធ្វើជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ដោយខ្លួនឯង ដែលជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់មន្ត្រី។ជាងនេះទៀត ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ជាមូលដ្ឋានសំខាន់ណាស់ សម្រាប់ឱ្យកម្ពុជាដើរទៅមុខ និងសម្រេចផែនការជាតិទាំងឡាយ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា ទិន្នន័យស្ថិតិបានដើរតួនាទីសំខាន់ ដោយសម្ដេចធិបតីបានផ្ដល់អនុសាសន៍ដល់ក្រសួងផែនការ ក៏ដូចជាក្រសួងពាក់ព័ន្ធត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗលើជំរឿនសេដ្ឋកិច្ច និងការងារអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា។លើសពីនោះ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវលើការប្រមូលទិន្នន័យរបស់ខ្លួន ពីព្រោះទិន្នន័យនោះ គឺជាត្រីវិស័យក្នុងការរៀបចំក្របខណ្ឌគោលនយោបាយជាតិ។

គួរបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចត្រូវបានរៀបចំធ្វើ២ដងរួចមកហើយ គឺជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ និងជំរឿន​សេដ្ឋកិច្ច​ឆ្នាំ២០២២។ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះ​ស្តីពី​អង្គ​ភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មាន​សំខាន់ៗ​ស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលន​យោ​បាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀតផងដែរ។

លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%៕