ស្វាយចន្ទីគឺជាកសិផលដែលត្រូវបាននាំចេញច្រើនជាងគេមួយរបស់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ស្វាយចន្ទីជាដំណាំឧហ្សាកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ដោយបច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ស្វាយចន្ទីគឺជាកសិផលដែលត្រូវបាននាំចេញច្រើនជាងគេមួយរបស់កម្ពុជា ហើយកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីនាំមុខគេនៅលើពិភពលោកទាំងផ្នែកបរិមាណ និងគុណភាព ក្នុងនោះជាង៩០%នៃផលិតកម្មសំដៅបម្រើឱ្យទីផ្សារនាំចេញទៅក្រៅប្រទេស។

លោកបន្តថា ហេតុដូច្នេះហើយទើបដំណាំស្វាយចន្ទី ត្រូវបានចាត់ទុកជាដំណាំយុទ្ធសាស្ត្រ និងមានសក្តានុពលខ្លាំងចំនួន៤ ដែលត្រូវបានផ្តល់អាទិភាពមុនគេនៅក្នុងការជំរុញ និងរៀបចំចងក្រងឱ្យទៅជាសហគមន៍កសិកម្មទំនើប រួមមានដំណាំស្រូវ បន្លែ ម្រេច និងស្វាយចន្ទី។

របាយណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាសម្រេចបាន ៦៥ ៦០០០តោន ថយចុះ ៧.៦% ស្មើនឹងទឹកប្រាក់ប្រមាណ៨៣៧លានដុល្លារថយចុះ ១៦.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២២។ក្នុងចំណោមគ្រាប់ឆៅដែលបាននាំចេញនេះ ភាគច្រើននាំចេញទៅកាន់វៀតណាម ដែលមានបរិមាណរហូតដល់ ៦១ ៨០០០តោន។

ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ បើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាធ្លាប់បានបញ្ជាក់ថា ការធ្លាក់ចុះនៃទិន្នផលគ្រាប់ស្វាយចន្ទីនេះ ដោយសារកត្តារួមផ្សំមួយចំនួនគឺបាត់បង់ដើមឈើមួយចំនួនធំ ក្នុងរយៈពេល៣ឆ្នាំចុះក្រោយនេះ ដោយសារតែការប្រែប្រួលអាកាសធាតុ។ដូច្នេះហើយ ការបាត់បង់ដើមស្វាយចន្ទី ក៏ធ្វើឱ្យមានការបាត់បង់ទិន្នផលស្វាយចន្ទីដែ។លើសពីនោះ ក៏មានការប្រជែងទិញពីសហគ្រាសក្នុងស្រុក ដោយសារតែគោលនយោបាយជាតិស្តីពីស្វាយចន្ទី រដ្ឋាភិបាលបានលើកទឹកចិត្តឱ្យមានការផ្តល់ជាហិរញ្ញប្បទានអនុគ្រោះនានា។

ប៉ុន្តែការនាំចេញធ្លាក់ចុះនេះមិនមែនជាការបង្ហាញពីភាពអវិជ្ជមានទេ ផ្ទុយមកវិញជាការបង្ហាញពីភាពវិជ្ជមានច្រើន ដោយសារតែមានការងើបឡើងពីសហគ្រាសក្នុងស្រុក។ចំពោះការលក់ចេញគ្រាប់ស្វាយចន្ទីឆៅក៏ល្អ យើងកែច្នៃក៏ល្អ អ្វីដែលសំខាន់ឱ្យតែមានទីផ្សារ ប៉ុន្តែអ្វីដែលល្អជាងនេះ នោះគឺយើងអាចកែច្នៃក្នុងស្រុករបស់យើង ហើយយើងអាចផ្តល់តម្លៃបន្ថែមដល់កសិករ។

ជាមួយគ្នានោះ សមាគមស្វាយចន្ទីកម្ពុជា បានធ្វើការវាយតម្លៃព្យាករណ៍ថា នៅឆ្នាំ២០២៤នេះ តម្លៃគ្រាប់ស្វាយចន្ទីនឹងកើន៥% ចំណែកទិន្នផលកើនរហូតដល់១០%។

គួរបញ្ជាក់ថា កម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលបានដាក់ចេញដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញឲ្យកម្ពុជាក្លាយទៅជាអធិរាជស្វាយចន្ទីផងដែរ៕