ក្រុមហ៊ុនបារាំង សំឡឹងឃើញឱកាសវិនិយោគរៀបចំទីក្រុង និងសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន

សង្គម​និង​សេដ្ឋកិច្ច


ក្រុមហ៊ុន Alstom ដែលបាននិងកំពុងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ខណៈបច្ចុប្បន្នកំពុងពង្រីកខ្លួននៅតំបន់អាស៊ាន ប្រកាសអារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង និងការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់ផ្សេងៗនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលថ្ងៃទី១៥ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Alstom បានលើកឡើងថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ព្រមទាំងបាន និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ក្នុងនោះរួមមានបណ្ដាប្រទេសអាស៊ានដូចជា ថៃ, ហ្វីលីពីន និងវៀតណាមជាដើម។

លោក Philippe DELLEUR បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុនលើវិស័យនេះនៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ហើយក្រុមហ៊ុនចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ក៏ចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗ។

ក្នុងឱកាសនៃជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកលើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត និងជាពិសេស ផ្ដោតយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជាមានគោលនយោយបាយ និងបរិស្ថានអំណោយផលដល់វិនិយោគិនបរទេស ដូចជា ច្បាប់វិនិយោគថ្មី ដែលផ្ដល់ក្របខ័ណ្ឌអនុគ្រោះ និងការលើកទឹកចិត្តដល់ការវិនិយោគផ្ទាល់ពីបរទេស និងការលើកទឹកចិត្តផ្សេងៗទៀត។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនបារាំង មកបណ្ដាក់ទុននៅកម្ពុជា និងគាំទ្រដល់ក្រុមហ៊ុនពិភាក្សាបន្ថែមទៀតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៃកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសិក្សានៅតាមតំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម៕