ក្រុមហ៊ុនធំឥណ្ឌូនេស៊ី Lippo Group គ្រោងនឹងមកអភិវឌ្ឍន៍លំនៅឋានមានតម្លៃទាបនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយលោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបក្រុមហ៊ុនធំរបស់ប្រទេសឥណ្ឌូនេស៊ីមួយនេះ ប្រកាសស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Lippo Group បច្ចុប្បន្នកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។ ក្នុងន័យនេះ នៅចំពោះមុខ សម្តេចធិបតីនាយករដ្ឋមន្រ្តី លោក John Riady បង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាបនៅកម្ពុជា។  

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ជូនក្រុមហ៊ុន Lippo Group ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីមានប្រសាសន៍ថា ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុន ក៏ដូចជាភាពស្រដៀងគ្នានៃវប្បធម៌ប្រពៃណី និងបែបផែនទីផ្សាររបស់កម្ពុជា និងឥណ្ឌូនេស៊ី ក្រុមហ៊ុននឹងមានលទ្ធភាពយល់ដឹងច្រើនពីឱកាសនៃការពង្រីកទីផ្សារវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជម្រាបជូនថ្នាក់ដឹកនាំក្រុមហ៊ុន Lippo Group អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស អំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតអាទិភាពលើការកសាងធនធានមនុស្សជាមួយការយកចិត្តទុកដាក់លើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗទៀត។ 

បន្ថែមលើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះវិនិយោគិនបរទេស។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅក្នុងកម្ពុជា៕