ក្រសួងកសិកម្ម បង្ហាញជំនឿចិត្តខ្ពស់លើនិស្សិត ២០០នាក់ទើបបញ្ចប់ការសិក្សាបច្ចេកទេសកសិកម្ម ពីអ៊ីស្រាអែល

សង្គម​និង​សេដ្ឋកិច្ច

និស្សិតកម្ពុជាចំនួន ២០០នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយ:ពេល ១១ខែ នៅរដ្ឋអ៊ីស្រាអែល ចាប់ឆ្នាំសិក្សា២០២១ -២០២២នេះ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នាថ្ងៃទី២៩ ខែសីហា នៅប្រទេសអ៊ីស្រាអែល លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ចូលរួមអបអរសាទរនិស្សិតកម្ពុជាដោយផ្ទាល់ ដើម្បីស្វាគមន៍មកចូលរួមចំណែកគ្នាជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍វិស័យកសិកម្មប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់ថា ភាពជោគជ័យរបស់និស្សិត គឺបានមកពីការឆក់យកឱកាសដ៏ប្រសើរធ្វើការអភិវឌ្ឍសមត្ថភាពខ្លួនតាមរយៈការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ ពូជដំណាំ ថ្នាលពិសោធន៍ កសិដ្ឋានគោទឹកដោះ និងផ្កា ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់រដ្ឋអ៊ីស្រាអែលក្នុងរយ:ពេល ១១ខែកន្លងមក។

លោកបន្តថា ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់និស្សិតកម្ពុជា គឺជាធនធានដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់គ្រួសារ និងខ្លួនឯងផ្ទាល់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានណែនាំឲ្យនិស្សិតគ្រប់រូបត្រូវនាំយកចំណេះដឹង និងបទពិសោធន៍ល្អៗ ត្រឡប់ទៅកាន់មាតុភូមិវិញ នាំគ្នាចូលរួមទាំងកាយ ចិត្ត និងចំណេះដឹងបច្ចេកទេសកសិកម្មល្អៗទៅកសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន ពិសេសធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ជាជំហានៗប្រកបដោយចីរភាព និរន្តរភាព មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍។

សូមជម្រាបថា សាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជា បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន AgroStudies (Agriculture Capacity Building) តាំងពីឆ្នាំ២០០៨ ។ ហើយគិតមកដល់ឆ្នាំ ២០២២ AgroStudies បានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ១ ៤៦៩នាក់រួចហើយ។

បើតាមក្រសួងកសិកម្ម ដោយសារតែពួកគេបានរៀន និងកែលម្អកម្រិតសមត្ថភាព ជំនាញបច្ចេកទេស ការទំនាក់ទំនង បទពិសោធន៍នៅក្រៅប្រទេស បានជួយឱ្យតម្លៃរបស់និស្សិតមាននៅលើទីផ្សារការងារខ្ពស់ ហើយដើមទុនជាពុទ្ធិដ៏រឹងមាំនេះ បានធ្វើឲ្យនិស្សិតភាគច្រើន ទទួលបាទជោគជ័យក្នុងជីវិតតារយ:មានការងារក្នុងតំណែង និងតួនាទីល្អនៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋាន ក្លាយជាអ្នកជំនាញផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ក្លាយជាកសិ-ធុរកិច្ច សហគ្រិនវ័យក្មេងនាំមុខក្នុងប្រទេសទៀតផង៕