លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា តាមរយៈជំនួបធុរកិច្ច សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥ នឹងប្រែក្លាយបញ្ហាប្រឈមជាកាលានុវត្តដើម្បីបន្តជំរុញកំណើននៅក្នុងវិស័យទេសចរណ៍ និងរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែនឱ្យទាន់សភាពការណ៍ និងមានភាពប្រយ័ត្នប្រយែងខ្ពស់។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជំនួបធុរកិច្ច សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។ លោក ហួត ហាក់ បានឱ្យដឹងថា ការជួបជុំនេះគឺ ដើម្បីពង្រឹងនិងពង្រីកបណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធ ចែករំលែកនូវបច្ចុប្បន្នភាពថ្មីៗអំពីការវិវត្តនៃវិស័យទេសចរណ៍ក្នុងតំបន់ និងសកលលោក។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក៏គូសបញ្ជាក់ថា ក្នុងនាមមហាគ្រួសារវិស័យទេសចរណ៍, យើងខ្ញុំប្រកាសគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ នូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។

លោកបន្ថែមថា ចំណែកមួយផ្នែកទៀត, យើងក៏ត្រូវបន្តនិរន្តភាពការងារតាមវិស័យដែលជាសមត្ថកិច្ចរបស់យើង ដោយបំពេញការងារក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម, ដើម្បីធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិ ដែលបាននិងកំពុងប្រឈម។
លោកក៏បានសង្កត់ធ្ងន់ថា ការដាក់ចេញនូវសសរស្តម្ភយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការចំនួន៦ របស់ក្រសួងទេសចរណ៍, វិស័យឯកជន បានដើរតួនាទីគន្លឹះយ៉ាងសំខាន់ក្នុងការជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយកិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និង ការនាំយកភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី ពិតជាគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តវិស័យឯកជន រៀបចំជំនួបធុរកិច្ចឱ្យបានកាន់តែច្រើន ដែលនឹងជួយជំរុញការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុន និងចែករំលែកឱកាសនៃការវិនិយោគកាន់តែទូលំទូលាយជាងមុនផងដែរ៕


