សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អំណាចសារព័ត៌មាន គឺជាអំណាចទី៤

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អំណាចសារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះ បើប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យព័ត៌មានគឺជាកត្តាលីករយ៉ាងសំខាន់ក្នុងការបង្កើតព័ត៌មាន និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីតថភាពសង្គមម និងការអភិវឌ្ឍ។វិស័យព័ត៌មានបានរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗដូចជា១,ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ២,បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល ៣,ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង ៤,ជាឆ្មាំត្រួតពិនត្យតុល្យភាពសង្គមដោយស្មោះត្រង់ និង៥,ចូលរួមចំណែកកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូលក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី បានថ្លែងដូច្នេះថា «អំណាចសារព័ត៌មានគែជាអំណាចទី៤ ដែលអំណាចនេះ បើប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង សម្រាប់ថែរក្សាសន្តិភាព ស្ថេរភាព សម្រាប់ផ្តល់ថាមពលឱ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានការឱ្យមានប្រសិទ្ធិភាព»។

សម្តេចធិបតីបន្តថា រយៈពេល៥ខែមកនេះ សម្តេចធិបតីទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជាច្រើនក្នុងសង្គម តាមរយៈព័ត៌មានពីបណ្តាញសង្គម។ជាមួយគ្នានេះ សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យអភិបាលរាជធានី-ខេត្ត តាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕