រយៈពេល៥ឆ្នាំមកនេះ ពន្ធដាររកចំណូលបានប្រមាណ ៦២ ៨៦៦.៩៣ប៊ីលានរៀល

សង្គម​និង​សេដ្ឋកិច្ច

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារដែលបានបង្ហាញក្នុងពិធីបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងឆ្នាំ២០២៣ និងលើកទិសដៅបន្តកាលពីពេលថ្មីៗនេះ បានឱ្យដឹងថារយៈពេល៥ឆ្នាំ(២០១៩-២០២៣) អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករសរុបប្រមាណ ៦២ ៨៦៦.៩៣ប៊ីលានរៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើបានឱ្យដឹងថា ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានសរុបរយៈពេល៥ឆ្នាំនោះ នៅឆ្នាំ២០១៩ ទទួលបាន ១១ ២៧៧,៣២ ប៊ីលានរៀល ឬប្រមាណ ២៨១៩,៣៣លានដុល្លារ ស្មើនឹង ១២៣,២០%, រីឯឆ្នាំ២០២០ បានចំនួន១១ ៧០០,៥២ ប៊ីលានរៀល ឬប្រមាណ ២៨៨៩លានដុល្លារ ស្មើនឹង ១០១,៣៦%, ចំណែកឆ្នាំ២០២១ ទទួលបាន ១១ ២៦៦,៧៩ ប៊ីលានរៀល ឬប្រមាណ ២,៧ពាន់លានដុល្លារ ស្មើនឹង ១២៤,០២%, សម្រាប់ឆ្នាំ២០២២ មានចំនួន ១៣ ៩៩៣,២០ ប៊ីលានរៀល ឬប្រមាណជាង៣ពាន់លានដុល្លារ ស្មើនឹង ១២២,៥៤% និងឆ្នាំ២០២៣ ទទួលបាន១៤ ៦២៩,១០ ប៊ីលានរៀល ប្រមាណ ៣៦១២,១២លានដុល្លារ ស្មើនឹង ១០១,១៣%នៃផែនការ។

របាយការណ៍ដដែលបន្តថា ជោគជ័យនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នាដូចមានបញ្ជាក់ជូនខាងលើ គឺជាផ្លែផ្កាពិតៗនៃការពង្រឹងសមត្ថភាព និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាល សារពើពន្ធ ការកើនឡើងនៃការយល់ដឹងវប្បធម៌បង់ពន្ធ និងការកើននៃកម្រិតអនុលោមភាពដោយអ្នកជាប់ពន្ធ។

គួររំលឹកផងដែរថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេល៥ឆ្នាំ (២០១៩-២០២៣) ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១នៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលដំណាក់កាល៥ឆ្នាំបន្ទាប់ (២០២៤-២០២៨)។ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរចំណូល (២០១៩-២០២៣) របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញ បង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ៕