ក្រសួងពាណិជ្ជកម្មដាក់ចិត្តគិតគូរគាំទ្រដល់ការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃឱ្យបោះជំហានទៅមុខ

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងប្រកួតប្រជែងរបស់កម្ពុជា ក្រសួងពាណិជ្ជកម្មបានប្រកាសគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រដល់ការធ្វើធុរកិច្ចក្នុងវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកស្រី តាន់ ទេពីកណ្ណិកា

លោកស្រី តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ កាលពីថ្ងៃចន្ទ ទី២២ ខែមករា បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រដល់ការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា ឱ្យមានការបោះជំហានទៅមុខ ព្រមទាំងមានការរីកចម្រើនកាន់តែច្រើនឡើងដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់មកលើគុណភាពផលិតផលកម្ពុជា ជាពិសេសបង្កើនឱកាសជូន ពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ បន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា។

យោងតាមទិន្នន័យនៃការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ បង្ហាញថាមានការកើនឡើងជាលំដាប់ ជាពិសេស ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ។ បើតាមលោកស្រី សម្រាប់ឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជារកចំណូលបានពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅកាន់ទីផ្សារអន្ដរជាតិ ទទួលបានប្រាក់ចំណូលជាង ៨៥១លានដុល្លារ មានការកើនឡើង ២៦១% បើធៀបនឹងឆ្នាំ២០២២។

លោកស្រី តាន់ ទេពីកណ្ណិកា ថ្លែងថា៖ «ទំហំពាណិជ្ជកម្ម នៃការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជាទៅទីផ្សារអន្ដរជាតិ មានការកើនឡើងជាលំដាប់ ហើយសន្ទុះវិជ្ជមាននៃការនាំចេញនេះ សបញ្ជាក់ឱ្យឃើញអំពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្ដិការដ៏ជិតស្និទ្ធ រឹងមាំ និងគ្រប់ជ្រុងជ្រោយ រវាងក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន ក៏ដូចជាសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជាផងដែរ»។

ទន្ទឹមនឹងនេះ លោកស្រីបានលើកទឹកចិត្តដល់សមាគមពាណិជ្ជករគ្រឿងអលង្កា និងត្បូងមានតម្លៃកម្ពុជា ឱ្យចាប់ដៃគូជាមួយបណ្តាក្រុមហ៊ុនបរទេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងប្រើប្រាស់ឱ្យអស់លទ្ធភាពពីសក្កានុពលនៃកិច្ចព្រមព្រៀងនានា ដែលកម្ពុជាមាន ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ASEAN+1 និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ អាសិប (RCEP) ដើម្បីជំរុញការនាំចេញ ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ បន្ថែមទៀត ព្រមទាំងរួមចំនែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការចូលរួមរបស់កម្ពុជានៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងសកលលោក៕