លោក ឌិត ទីណា៖ ឆ្នាំ២០២៣ផលិតកម្មដំណាំសម្រេចបានជាង៣៦លានតោន កើនឡើងប្រមាណ៦%

សង្គម​និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ២០២៣ផលិតកម្មដំណាំសម្រេចបានជាង៣៦លានតោន កើនឡើងប្រមាណ៦%បើធៀបនឹងឆ្នាំ២០២២។លោក លើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានថ្លែងថា ផលិតកម្មកសិកម្មដំណាំដែលសម្រេចបានប្រមាណជាង៣៦លានតោន នៅឆ្នាំ២០២៣ ក្នុងនោះដំណាំស្រូវ១២,៤៩លានតោន ដំណាំសាកវប្បកម្ម៤,៩៦លានតោន ដំណាំឧស្សាហកម្មចំនួន១៨,៩៦លានតោន និងដំណាំកៅស៊ូប្រមាណជាង ៤០០ពាន់តោន។

លោកបន្តថា លើសពីនេះកម្ពុជាក៏បាននាំចេញជាផ្លូវការនៅផលិតផលកសិកម្មដែលមានតម្លៃសរុប ៤,៨ពាន់លានដុល្លារអាមេរិក ស្មើនឹង៨,៨២លានតោន ទៅកាន់៧៨ប្រទេសផងដែរ។ក្នុងនោះការនាំចេញអង្ករសម្រេចបាន៦៥ម៉ឺនតោន កើនឡើងជាង៣% ធៀបនឹងឆ្នាំ២០២២។

បើតាមក្រសួងកសិកម្ម វិស័យកសិកម្មឆ្នាំ២០២៣នៅតែរក្សាបានកំណើនវិជ្ជមានក្នុងរង្វង់១ភាគរយ ជាមួយកំណើននៃតម្លៃបន្ថែមសរុបឡើងដល់ ២៨,២០៧ពាន់លានរៀល ឬស្មើនឹង ៤,៨៤ភាគរយ ធៀបនឹងឆ្នាំមុន ទោះបីជាវិស័យនេះបានទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងវិបត្តិសាកលក៏ដោយ។ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៣ វិស័យកសិកម្មបានរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ និងការចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕