វៀតណាម និងថៃនៅតែជាប្រទេសខ្នងបង្អែករឹងមាំក្នុងការទទួលទិញដំឡូងមីពីកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ការដាំដំឡូងមីនៅកម្ពុជាមានការរីកចម្រើនខ្លាំង បើគិតមកដល់បច្ចុប្បន្ន ផ្ទៃដីដាំដុះដំឡូងមីអាចចន្លោះពី៦០ម៉ឺនទៅ៨០ម៉ឺនហិកតា ដោយសារមានទីផ្សារល្អ ក្នុងនោះទីផ្សារទៅកាន់ប្រទេសថៃ និងវៀតណាម នៅតែមានតម្រូវការជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ បានឱ្យដឹងថា ទីផ្សារនាំចេញកាលពីឆ្នាំ២០២៣មានការសិក្សាច្រើនតែមិនទាន់មានលទ្ធផលល្អនៅឡើយទេ រហូតមកដល់ពេលនេះដំឡូងមីឡើងតម្លៃខ្ពស់ ដូច្នេះការបញ្ជាទិញទៅក្រៅប្រទេសដូចជាទៅចិនមានការស្ងាត់។ប៉ុន្តែសម្រាប់ប្រទេសដែលជាខ្នងបង្អែករឹងមាំក្នុងការបញ្ជាទិញដំឡូងមីពីកម្ពុជារហូត គឺមានប្រទេសវៀតណាម និងថៃ ព្រោះប្រទេសយើងដៃខ្លី មានទាន់អាចលក់ដូរផលិតផលទៅកាន់ពិភពលោកបានទេ។

លោកបន្តថា ហើយទីផ្សារដែលយើងលក់រាល់ថ្ងៃទៅកាន់២ប្រទេសនេះ ទីផ្សារទៅខាងវៀតណាមអាចមានច្រើនជាងនៅខាងប្រទេសថៃ ដោយទីផ្សារទៅខាងថៃយើងលក់បានតែតំបន់ព្រំដែនជាប់ប្រទេសថៃទេ ដូចជាឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដោយមានឡានថៃចូលមកយកដោយផ្ទាល់ ហើយឡានថៃមួយចំនួនក៏អាចយកដំឡូងមីដល់ខេត្តសៀមរាបផងដែរ។ប៉ុន្តែបើការលក់ដូរទៅខាងប្រទេសវៀតណាមវិញ ឡានវៀតណាមអាចចូលរហូតមកដល់ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបងដែរ ដូច្នេះមានន័យថាទីផ្សារទៅវៀតណាមច្រើនជាង។

លោកបន្ថែមទៀតថា ហើយការនាំចេញនេះនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការគេនៅឡើយ មានន័យថាមួយថ្ងៃ តាមលានទិញមួយមានឡានដប់គ្រឿងមកដឹកដំឡូង យើងបានដំឡូងឱ្យគេត្រឹមតែ៣ទៅ៤គ្រឿងប៉ុណ្ណោះ។

បើតាមលោក អិល ឈិញ នៅដើមឆ្នាំ២០២៤នេះ ដំឡូងនៅមិនទាន់អាចធ្លាក់ថ្លៃនៅក្រោម៣០០រៀលទេ ព្រោះនៅប្រទេសថៃខ្វះដំឡូង ដោយសារកសិករថៃអំឡុងពេលប្រែប្រួលអាកាសធាតុបានបាត់បង់ទិន្នផលមួយចំនួន ដូច្នេះថៃនៅតែទទួលការទិញច្រើនជាងឆ្នាំមុនៗ។ដើមឆ្នាំនេះ ការចាប់ទិញដំបូងតម្លៃចន្លោះពី៣៥០រៀល ទៅ ៣៧០រៀលសម្រាប់ដំឡូងមីស្រស់នៅខាងខេត្តប៉ែកខាងជើង (ដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យជាដើម)ចំណែកខាងកំពង់ចាម ស្ទឹងត្រែង ក្រចេះ មានតម្លៃ ៥១០ទៅ៥២០ សម្រាប់ដំឡូងមីក្រៀមមិនទាន់មានតម្លៃខ្ពស់ជាងឆ្នាំមុនៗនោះទេ ពោលខ្ទង់៧៨០ទៅ៧៥០រៀលក្នុងមួយគីឡូក្រាម។

សូមជម្រាបជូនថា ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញដំឡូងមីសរុបជាង៣លានតោន។ក្នុងនោះ ចំណិតដំឡូងមីក្រៀមប្រមាណ ១ ២៨ ៩៧៣៩.០៤តោន ថយចុះ៣៧.៦៤% ,ដំឡូងមីស្រស់១ ៩៦ ១៣៧៥.០០តោន កើនឡើង២៦.៥១% , និងម្សៅដំឡូងមីប្រមាណ ៣៦ ២៥៦.៨០តោន ថយចុះ៤៥.៣៩% បើធៀបនឹងឆ្នាំ២០២២៕