សម្តេចសង្ឃ៣អង្គ ព្រះមហាក្សត្រតែងតាំងមុខតំណែងថ្មីក្នុងវិស័យអប់រំខាងពុទ្ធសាសនា

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា ប៉ុន្តែក្នុងថ្ងៃតែមួយ គឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងសម្តេចសង្ឃចំនួន ៣អង្គឲ្យកាន់តំណែងក្នុងវិស័យអប់រំខាងពុទ្ធសាសនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមព្រះរាជក្រឹត្យ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកគណៈមហានិកាយ តែងតាំងជាព្រះអធិបតីកិត្តិយសនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង ព្រះសង្ឃនាយករងទី១ តែងតាំងមុខតំណែងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ចំណែក សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ត្រូវបានតែងតាំងកាន់មុខតំណែងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

ព្រះរាជក្រឹត្យទាំង៣តែងតាំងមុខសម្តេចសង្ឃទាំង៣អង្គខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

សូមជម្រាបជូនថា សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បច្ចុប្បន្នជាសម្ដេច​ព្រះ​សង្ឃ​នាយក នៃ​គណៈ​មហា​និកាយ និងជាចៅ​អធិការ​ វត្ត​បទុមវតី​រាជ​វរារាម រាជធានីភ្នំពេញ ហើយសម្តេចក៏ជាព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ខណៈដែលព្រះអង្គបច្ចុប្បន្នកំពុងមានអាពាធធ្ងន់ធ្ងរ ក្នុងព្រះជន្ម១០០ព្រះវស្សា។

សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង បច្ចុប្បន្នជាព្រះសង្ឃនាយករងទី១ គណៈមហានិកាយ, ព្រះ​ប្រធាន​ថេរសភា​ នៃ​ព្រះពុទ្ធសាសនា​ នៅកម្ពុជា, ព្រះអគ្គាធិការរងទទួលបន្ទុកពុទ្ធិកសិក្សា និងព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។

ដោយឡែក សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ជាព្រះសង្ឃខ្មែរមួយអង្គដែលបានបញ្ចប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក និងកំពុងកាន់តួនាទីជាព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុ។ មុនតែងតាំងសម្តេច យ៉ន សេងយៀត ជាព្រះសាកលវិទ្យាធិការបន្ទាប់តំណែងនេះទំនេរមួយរយៈ ក្រោយអតីតសម្តេចសង្ឃព្រះនាម ឃី សុវណ្ណរតនា សម្រេចលាចាកសិក្ខាបទ ឬហៅម្យ៉ាងទៀតថា សិក្ខពីឧត្តមភេទមកជាភេទធម្មតាវិញ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕