សម្តេចធិបតី ហ៊ុន ម៉ាណែត ចំណារយល់ព្រមដាក់ឈ្មោះស្ពានថ្មីកំពុងស្ថាបនាដោយក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ ជា«ស្ពានអាកាស មរតកតេជោ»

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចំណារយល់ព្រមដាក់ឈ្មោះស្ពានអាកាសថ្មីដែលក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ កំពុងស្ថាបនាត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ៦០ម៉ែត្រ មហាវិថីព្រះមុនីង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ដោយប្រសិទ្ធនាមជា «ស្ពានអាកាស មរតកតេជោ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីប្រាប់ទៅអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា រាជរដ្ឋាភិបាលយល់ព្រមឲ្យប្រសិទ្ធនាមស្ពានអាកាសត្រង់ចំណុចប្រសព្វរវាងសម្តេចតេជោ ហ៊ុន សែន ៦០ម៉ែត្រ មហាវិថីព្រះមុនីង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជា «ស្ពានអាកាស មរតកតេជោ»។

សូមជម្រាបជូនថា ក្នុងពិធីតភ្ជាប់ស្ពានអាកាសថ្មីនេះ កាលថ្ងៃ​ទី២៩​ ខែមករាកន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហើបពីការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រសិទ្ធនាមស្ពាអាកាសនេះ ជា«ស្ពានអាកាសមរតកតេជោ»។

មន្ទីរសាធារណការ និងដឹកជញ្ជួនក្រុងភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាសមរតកតេជោ តភ្ជាប់មហាវិថី ព្រះមុនីវង្ស និងមហាវិថី សម្តេចតេជោ ហ៊ុន សែន (ស្ពានអាកាសមេផ្នែកខាងលើ) សម្រេចបានលទ្ធផល ៨០%ហើយ នៅដើមខែមេសាខាងមុខនេះមុនពិធីបុណ្យចូលថ្មីប្រពៃណីខ្មែរ រាជរដ្ឋាភិបាលនឹងបើកឲ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កាត់បន្ថយបាននូវការកកស្ទះចរារចរ។

គម្រោងសាងសង់ស្ពានអាកាសទី៨នេះ ដែលនឹងប្រសិទ្ធនាម «ស្ពានអាកាសមរតកតេជោ» ស្ថាបនាដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕