ដើម្បីលើកកម្ពស់ទេសចរប្អូនថ្លៃលោក ហ៊ុន ម៉ានី សាងសង់ផែចំណតទូកនៅកោះរ៉ុងសន្លឹម

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន U Property Management CO., LTD របស់ប្អូនថ្លៃលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ គឺលោក យឹម លក្ខណ៍ បើកការដ្ឋានសាងសង់ផែចំណតទូកកោះរ៉ុងសន្លឹម និងផ្លូវបេតុង ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីការសាងសង់ផ្លូវបេតុង និងផែចំណតហើយនោះ លោក យឹម លក្ខណ៍ បានយល់ព្រមជួយសាងសង់មណ្ឌលសុខភាព និងអគារសាលាបឋមសិក្សា, អនុវិទ្យាល័យ, វិទ្យាល័យ អាហារដ្ឋាន,កន្លែងស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងបន្ទប់ទឹកផងដែរ។

លោក គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាពិសេសក្រុងកោះរ៉ុងឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ពិសេសប្រជាពលរដ្ឋក្រុងកោះរ៉ុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបានរំលឹកថា រាជរដ្ឋាភិបាលបានផ្តល់ការវិនិយោគឱ្យទៅក្រុមហ៊ុន អេម៉ារីយូ ធ្វើការវិនិយោគ ហើយនៅអំឡុងចុងឆ្នាំ២០២១ ក្រុមហ៊ុន U Property Management CO., LTD បានសហការជាមួយក្រុមហ៊ុន អេម៉ារីយូ ចាប់ដៃគ្នាធ្វើការអភិវឌ្ឍបន្តដំណើរឆ្ពោះទៅមុខ ដើម្បីអភិវឌ្ឍនឹងដោះស្រាយបញ្ហាដែលមាននៅសេសសល់នៅលើកោះរ៉ុង ការអភិវឌ្ឍនៅលើកោះរ៉ុង។ បើតាមលោក គួច ចំរើន ការតាំងទីលំនៅ ការអភិវឌ្ឍ ការវិនិយោគដាច់ដោយដុំវាជារឿងសុទ្ធតែមិនស្របច្បាប់ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាលបានផ្តល់សិទ្ធកាន់កាប់ជូនបងប្អូនរស់នៅដោយស្របច្បាប់ ដែលជាបទពិសោធន៍នៃការដោះស្រាយបញ្ហាប្រឈមនានា។ លោកថា ពីមុននៅទីនេះគ្មានផ្លូវថ្នល់ គ្មានការអភិវឌ្ឍនោះទេ ពេលនេះក្រុមហ៊ុនបានធ្វើការឈូសឆាយពង្រីកផ្លូវបានធំទូលាយ។

លោកបន្តថា ស្ថានភាពចំពោះមុខក្រុមហ៊ុនកសាងផែ រួចបន្តកសាងផ្លូវបេតុងជាង ៦០គីឡូម៉ែត្រ និងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ហើយហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនត្រូវរៀបនោះ មានកំពង់ផែអន្តរជាតិ និងគម្រោងតបណ្តាញអគ្គិសនីពីកោះរ៉ុង មកកាន់កោះរ៉ុងសន្លឹម បំរើឱ្យការអភិវឌ្ឍលើវិស័យទេសចរណ៍ ក៏ដូចជាការជួយបង្កើនជីវភាពប្រជាពលរដ្ឋដែលរស់នៅលើកោះកាន់តែមានជីវភាពល្អប្រសើឡើងនៅពេលខាងមុខ៕