ពីក្មេងដើរកាន់ម៉ាស៊ីនភ្លើងតាមរោងការ រោងបុណ្យ ជាមួយឪពុក លោក ថេង សំរិទ្ធិ វិវឌ្ឍន៍ខ្លួនក្លាយជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី

សង្គម​និង​សេដ្ឋកិច្ច

លោក ថេង សំរិទ្ធិ ជាកូនអ្នកខេត្តកំពង់ចាម លោកមានក្ដីស្រមៃចង់ក្លាយជាអ្នកធ្វើការនៅក្នុងវិស័យអគ្គិសនី។ លោកមានប្រវត្តិជាក្មេងដែលធ្លាប់កាន់ម៉ាស៊ីនភ្លើងតាមរោងការ រោងបុណ្យ ជាមួយឪពុក ក្រោយខិតខំសិក្សារៀនសូត្រ លោកបានវិវឌ្ឍន៍ខ្លួនក្លាយជា ម្ចាស់ក្រុមហ៊ុន ផ្គត់ផ្គង់អគ្គិសនីធំមួយនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសន៍ «កម្មវិធីសេដ្ឋី និងជំនួញ» ពេលថ្មីៗនេះ លោក ថេង សំរិទ្ធិ បានចែករំលែកបទពិសោធន៍ក្នុងការរលាស់ខ្លួនឈោងចាប់យកក្ដីស្រមៃ និងគោលដៅទៅថ្ងៃអនាគត ដោយមានក្ដីស្រឡាញ់ ឆន្ទៈជាកត្ដាលីករ។

លោក ថេង សំរិទ្ធិ បានលើកឡើងថា ក្ដីស្រឡាញ់ដំបូងរបស់លោកគឺធ្វើការនៅក្នុងវិស័យអគ្គិសនី។ ការមានក្ដីស្រមៃលើវិស័យនេះ ព្រោះកាលពីក្មេងឪពុកលោកមានម៉ាស៊ីនភ្លើងនៅផ្ទះ ហើយលោកតែងតែដើរតាមឪពុក និងរៀនសូត្រខ្លះៗពីឪពុក។ ដោយមានបទពិសោធន៍ជាមួយឪពុក និងចំណេះដឹងផ្នែករូបវិទ្យា លោក ថេង សំរិទ្ធិ សម្រេចចិត្តបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករ រយៈពេល ៥ឆ្នាំ ដោយនៅក្នុងអំឡុងពេលសរសេរសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកបានចូលប្រឡូកធ្វើការងារដំបូងនៅក្នុងក្រុមហ៊ុនមួយ ទទួលបានប្រាក់ខែចំនួន២០០ដុល្លារ។

ដោយក្ដីស្រឡាញ់ចំពោះការងារក្នុងវិស័យអគ្គិសនី និស្សិតមកពីកំពង់ចាមរូបនេះ ខំធ្វើការអស់ពីបេះដូង ប្រឹងអស់ពីកម្លាំងកាយ ចាត់ទុកការងាររបស់ក្រុមហ៊ុនជាការងាររបស់ខ្លួន អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ រហូតទទួលបានការទុកចិត្ត ឱ្យចុះធ្វើគម្រោង JICA (Japan International Cooperation Agency) ជាមួយជប៉ុន។ លោកបន្ថែមថា ក្រោយទទួលបានឱកាសធ្វើការជាមួយក្រុមហ៊ុនជប៉ុន លោកខិតខំបន្ថែមមួយកម្រិតទៀត រហូតមានសមត្ថភាពបើកក្រុមហ៊ុនដោយខ្លួនឯង។

ជំហានដំបូងនៅក្នុងវិស័យជំនួញ លោក ថេង សំរិទ្ធិ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគ្រួសារ ជាពិសេសម្ដាយ លោកបានសម្រេចបើកក្រុមហ៊ុន អេស. អិន. ខេ. អ. ភី និងបានធ្វើការយ៉ាងជិតស្និតជាមួយ អគ្គិសនីកម្ពុជា លើផ្នែកផ្គត់ផ្គង់ និងសាងសង់បរិក្ខារអគ្គិសនី និងតម្លើង។

ទន្ទឹមនឹងនេះ ការចូលខ្លួនរកស៊ីលើវិស័យអគ្គិសនី លោក ថេង សំរិទ្ធិ បានចូលរួមជាមួយអគ្គិសនីកម្ពុជាជាច្រើន ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនីនៅក្នុងស្រុកខ្មែរ ដូចជាបណ្ដាញជញ្ជូនឆ្លងសមុទ្រ ខ្សែជញ្ជូនសូឡា ៦០មេហ្កាវ៉ាត់ អនុស្ថានីយ និងការងារជាច្រើនទៀតដែលចូលរួមធ្វើឱ្យតម្លៃអគ្គិសនីកាន់តែថោក។

ឆ្លងកាត់បទពិសោធន៍ជាច្រើន លោក ថេង សំរិទ្ធិ បានផ្ដាំទៅយុវជនគ្រប់រូប ក៏ដូចជាអ្នកដែលមានបំណង ប្រែខ្លួនទៅជាសហគ្រិនទាំងអស់ថា « បើយើងចង់ជោគជ័យនៅលើផ្នែកណាមួយ ចិត្តរបស់យើងត្រូវតែស្រឡាញ់ការងារហ្នឹងតែម្ដង ចាត់ទុកការងារហ្នឹងទោះបីជាយើងធ្វើឱ្យគេក៏ដោយ យើងធ្វើខ្លួនឯងក៏ដោយគឺត្រូវស្រឡាញ់ការងារដូចការងារយើងអ៊ីចឹង នោះយើងជោគជ័យហើយ»។

លោកថាបន្ដថា «សម្រាប់ខ្ញុំ អ្នកដែលមានឆន្ទៈក្នុងការធ្វើ ខ្ញុំអត់ដែលយកពាក្យពិបាកមកដាក់នៅក្នុងខ្លួនទេ។ គ្មានពាក្យពិបាកក្នុងខួរក្បាលរបស់ខ្ញុំទេ ឱ្យតែខ្ញុំមានឆន្ទៈធ្វើ ខ្ញុំពុះពារធ្វើទាល់តែបាន កន្លែងណាដែលខ្ញុំមិនយល់ ខ្ញុំរៀនទាល់តែចេះ »។

សូមជម្រាបជូនថា ក្រុមហ៊ុន អេស. អិន. ខេ. អ. ភី គឺជាក្រុមហ៊ុនឯកជនបម្រើសេវាកម្ម សាងសង់ប្រព័ន្ធអគ្គិសនី ដូចជា បណ្ដាញអគ្គិសនីតង់ស្យុងទាប មធ្យម ខ្ពស់ និងផ្គត់ផ្គង់សម្ភារអគ្គិសនី។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ ដោយលោក ថេង សំរិទ្ធិ៕