ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើទៅកាន់ក្រុមហ៊ុនចិន Sino Group រៀបចំមន្ទីរពេទ្យចល័តគាំទ្រការផ្ដល់សេវាសុខាភិបាលនៅតំបន់ងាយរងគ្រោះនានា។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Sino Group កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ ពិសេសជាងនេះ លោក លើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមឱ្យបានកាន់តែច្រើនក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ពិសេសលើវិស័យសុខាភិបាល មានជាអាទិ៍ការរៀបចំមន្ទីរពេទ្យចល័ត (Mobile Hospital) គាំទ្រការផ្ដល់សេវាសុខាភិបាលជូនប្រជាជនក្នុងតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនានា។

ជាការឆ្លើយតប លោក Robert Ng បានសន្យានឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័ត ដូចដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានស្នើសុំ ដើម្បីជាចំណែកចូលរួមបន្ថែមទៀតគាំទ្រដល់ការការពារសុខុមាលភាពសង្គមកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន Sino Group គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងវិនិយោគឈានមុខគេមួយរបស់ទីក្រុងហុងកុង ហើយបច្ចុប្បន្នក៏កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុននេះក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតទឹកផ្លែឈើ Yeo’s ដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្ដល់ការងារប្រមាណ ៥០០កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ ក្រុមហ៊ុន Sino Group បានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility – CSR) ដើម្បីជំរុញឱ្យសុខុមាលភាពប្រជាជនកាន់តែល្អប្រសើរ ដោយអនុវត្តយុទ្ធសាស្ត្រចំនួនបីគឺ ការរស់នៅបៃតង ស្មារតីសហគមន៍ និងការរចនាប្រកបដោយភាពច្នៃប្រឌិត៕ អត្ថបទ៖ហ្សាលីន


